ប្រធានវិទ្យាស្ថាន KSI បង្ហាញពីភាពជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ប្រធាន​វិទ្យាស្ថាន​​យុទ្ធសាស្ត្រ​​ប្រចាំ​​តំបន់​​អាស៊ីប៉ា​ស៊ីហ្វិក (KSI) បង្ហាញ​​ជំនឿ​យ៉ាងមុតមាំ​​ថា ក្រោមការ​​ដឹកនាំ​​ប្រកប​ដោយ​​ចក្ខុវិស័យ​​និង​ភាពឈ្លាស​វៃ​​របស់​​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា កម្ពុជា​​នឹង​បន្ត​​អភិវឌ្ឍ​​និង​រីក​ចម្រើន​​ឈានទៅ​​កម្រិតខ្ពស់​​មួយ​ថែម​ទៀត​នា​ពេល​អនាគត។

នាព្រឹក​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានទទួល​ជួប​​និង​ពិភាក្សា​​ការងារ​​ជាមួយ​លោក តាន់ស្រ៊ី​ មីសែល យ៉ាវ ( Tan Sri Micheal Yeoh) ប្រធាន​វិទ្យាស្ថាន KSI នៅ​សណ្ឋាគារ​​សូហ្វីតែល រាជធានី​​ភ្នំពេញ។

នៅក្នុង​​ឱកាស​​នៃ​ជំនួប លោក តាន់ស្រ៊ី​ មីសែល យ៉ាវ បានលើកឡើង​​អំពី​​ដំណើរ​ការ​​នៃការរៀបចំ​​កិច្ចប្រជុំ​​កំពូល “សេដ្ឋកិច្ច​​និង​បច្ចេក​វិទ្យា​ចិន​សកល” ឆ្នាំ២០២៤ នៅ​កម្ពុជា ដែល​មាន​ការចូលរួម​​ពីធុរជន​​ជាច្រើន​មក​ពី​ទ្វីប​អឺរ៉ុប អាស៊ី និង បណ្ដា​ប្រទេស​​ធំៗ​​ជាច្រើន​ទៀត ដូចជា​​ចក្រភព​​អង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និង បណ្ដា​​ប្រទេស​​ជាច្រើន​ទៀត​​នៅក្នុង​តំបន់​​អាស៊ាន ដែល​កិច្ចប្រជុំ​​កំពូល​នេះ​មានគោល​បំណង​បង្កើត​​ជាវេទិកា​​មួយ​​ ដើម្បី​ផ្ដល់ឱកាស​​ដល់​ធុរជន​​និង​​វិនិយោគិន​​បរទេស​ បានស្វែងយល់​​កាន់តែ​ច្បាស់​​ថែមទៀត​​អំពី​កាលានុវត្តភាព ​និង​​សក្ដានុពល​​នៃ​ការ​វិនិយោគ​​នៅ​កម្ពុជា ហើយ​បណ្ដា​វិនិយោ​គិន​​​ដែល​មាន​​វត្តមាន​​នៅក្នុង​កិច្ច​ប្រជុំ​​កំពូល​នេះ ក៏មាន​​បំណង​​វិនិយោគ​​នៅ​កម្ពុជា​​ផងដែរ។

ជាមួយគ្នានេះ លោកក៏បាន​​គូសបញ្ជាក់​​ថា​ វិទ្យាស្ថាន​ KSI នឹង​អាច​ចូលរួម​​ជាផ្នែកមួយ​​ក្នុង​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច​​នៅ​​កម្ពុជា ហើយ​លោក​​មាន​ជំនឿ​យ៉ាង​មុតមាំ​​ថា ក្រោម​ការ​ដឹកនាំ​​ប្រកប​​ដោយ​​ចក្ខុវិស័យ​​និងភាព​ឈ្លាសវៃ​​របស់​​សម្ដេចធិបតី កម្ពុជា​នឹងបន្ត​​អភិវឌ្ឍ​​និង​​រីកចម្រើន​​ឈានទៅ​​កម្រិត​ខ្ពស់​មួយ​ថែមទៀត​​នាពេល​​អនាគត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ​​និង​​វាយតម្លៃខ្ពស់​​ដល់​វិទ្យាស្ថាន KSI ដែល​បាន​រៀបចំ​​កិច្ចប្រជុំ​​កំពូល ​“សេដ្ឋកិច្ច​​និង​បច្ចេក​វិទ្យា​​ចិនសកល” ឆ្នាំ២០២៤ នៅកម្ពុជា។

សម្តេច​ធិបតី​​បានគូស​បញ្ជាក់​ថា​ រាជ​រដ្ឋា​ភិបាល​​នីតិកាល​ទី៧ ​នៃ​រដ្ឋ​សភា​​បានដាក់ចេញ​​នូវ​​យុទ្ធសាស្ត្រ​​បញ្ចកោណ-ដំណាក់កាល​​ទី១ ដើម្បី​​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព​ និង ចីរភាព។ ការ​ជំរុញ​​កំណើន​​សេដ្ឋកិច្ច គឺ​ជា​អាទិភាព​​ចម្បង​​របស់​​រាជរដ្ឋាភិបាល​​កម្ពុជា ហើយ​វិស័យ​ឯកជន​​បានដើរ​តួនាទី​​គន្លឹះ​​ក្នុង​ការ​បង្កើត​​ការងារ​ ដើម្បី​​ចូលរួម​​ចំណែក​លើក​កម្ពស់​​ជីវភាព​​រស់នៅ​​របស់​​ប្រជាពលរដ្ឋ​​កម្ពុជា​​ឱ្យកាន់តែ​​ល្អ​ប្រសើរ និងជា​មូល​ដ្ឋាន​គ្រឹះ​​នៃ​ការ​​អភិវឌ្ឍ​​លើគ្រប់​​វិស័យ។ ទន្ទឹ​ម​នឹង​នោះ រាជ​រដ្ឋាភិបាល​​ក៏​បាន​​ដាក់ចេញ​​នូវគោល​នយោបាយ​ យន្តការ​​​ចាំបាច់​នានា និង​ ការលើក​ទឹកចិត្ត​ ដើម្បី​​ធានា​​បរិយាកាស​​វិនិយោ​គ​​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​​និង​ការ​​តភ្ជាប់​​ទៅ​កាន់​​ទីផ្សារ​​តំបន់ ​និង​​ពិភព​លោក តាម​រយៈ​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​​សេរី​ទ្វេភាគី​​និង​​ពហុភាគី សំដៅ​​ធានា​​នូវភាព​ជោគជ័យ​ និងកាលានុវត្តភាព​កាន់តែ​ច្រើនថែមទៀត​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា៕

你可能还喜欢

评论被关闭。