ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ កិច្ចព្រមព្រៀងលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ ដែលអ៊ីស្រាអែល និងលីបង់បានប្រកាសកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចព្រមព្រៀងលើបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងប្រទេសទាំងពីរ។
គួររម្លឹកថា ដោយមានការសម្របសម្រួលពីសំណាក់សហរដ្ឋអាម៉េរិក និងបារាំង គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហេសបូឡាលីបង់ ដែលបទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង ៤ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែលនឹងត្រូវដកចេញពីភាគខាងត្បូងប្រទេសលីបង់ ហើយក្រុមហេសបូឡាក៏នឹងដកថយចេញពីភាគខាងជើងទន្លេ Litani ដូចគ្នា។
អំពើហិង្សារវាងអ៊ីស្រាអែល និងលីបង់ ផ្តើមឡើងក្រោយពេលក្រុមហេសបូឡាបើកការវាយប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ។ ចាប់តាំងពីការបើកការវាយប្រហារគ្នាទៅវិញទៅមក អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ចំនួន ៣ ៧៦៨ នាក់ និងបង្ខំឱ្យមនុស្ស ១,២ លាននាក់ទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែល និងលីបង់ដ៏សាហាវនេះ៕
评论被关闭。