វិទ្យាស្ថានពាណិជ្ជកម្មចិនស្វែងរកឱកាសវិនិយោគនៅកម្ពុជា
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ គណៈប្រតិភូវិទ្យាស្ថានពាណិជ្ជកម្ម ជឹង គង់ (Cheung Kong Graduate School of Business “CKGSB”) នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីសុខសន្តិភាព ស្ថិរភាព កាលានុវត្តភាពវិនិយោគរបស់កម្ពុជា វិស័យជាអាទិភាព ផែនការមេ កិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច និង ការធានាប្រក្រតីភាពនៃកិច្ចវិនិយោគរបស់វិនិយោគិន។
លោក ជាំង អ៊ីហ្វី (Jiang Yifei) នាយកគ្រប់គ្រងវិទ្យាស្ថាន CKGSB និងជាប្រធានគណៈប្រតិភូ បានថ្លែងការកោតសរសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលធ្វើការឧទ្ទេសនាមអំពីគោលនយោបាយ និង កាលានុវត្តភាពវិនិយោគនៅកម្ពុជាជូនគណៈប្រតិភូបានយ៉ាងក្បោះក្បាយ និង ប្រកបដោយថាមពល។ ក្នុងនោះ លោកបានមើលឃើញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិសេសលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដែលនឹងអាចឈានទៅមានសមត្ថភាពពេញលេញនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនេះផងដែរ លោក ជាំង អ៊ីហ្វី ក៏បានស្នើសុំការណែនាំបន្ថែមទៀតពីលោក ស៊ុន ចាន់ថុល លើកិច្ចការងារកម្មសិទ្ធិបញ្ញា ស្ថានភាពទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) និង កិច្ចវិនិយោគលើវិស័យថាមពលជាដើម៕
评论被关闭。