តើការរួមគ្នាកសាង«សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» មានអត្ថន័យអ្វីចំពោះពិភពលោក ?
កាលពីខែមីនាឆ្នាំ ២០១៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងជាផ្លូវការនូវទស្សនៈស្តីពី«សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» ។ តើអ្វីទៅជាសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ? ពោលគឺស្របនឹងពេលដែលស្វែងរកផលប្រយោជន៍សម្រាប់ប្រទេសខ្លួន ក៏ត្រូវគិតគូរពីកង្វល់របស់ប្រទេសដទៃ ក៏ដូចជារួមចំណែកដល់ការជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានាក្នុងខណៈពេលដែលស្វែងរកការអភិវឌ្ឍសម្រាប់ប្រទេសខ្លួន ។
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ភពផែនដីរបស់យើងមានតែមួយគត់ ការកសាងផ្ទះរួមរបស់មនុស្សជាតិដែលស្រស់ស្អាតនិងឋិតថេរគង់វង្សមិនមែនជា«កម្មសិទ្ធិផ្តាច់មុខ»ឬទំនួលខុសត្រូវបុគ្គលរបស់ប្រទេសណាមួយនោះឡើយ ពោលគឺត្រូវមានការចូលរួមពីសំណាក់ប្រទេសទាំងអស់មិនថាធំឬតូច មិនថាប្រទេសអភិវឌ្ឍន៍តិចតួចឬប្រទេសជឿនលឿននោះឡើយ ។
ទស្សនៈ«សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» គឺក្នុងគោលបំណងរួបរួមកម្លាំងនិងតម្រិះប្រាជ្ញារបស់ភាគីនានាដើម្បីធ្វើការជាមួយគ្នា និងរៀនសូត្រពីអរិយធម៌និងវប្បធម៌ទៅវិញទៅមក ដើម្បីស្វែងរកវិធីរួមរស់ជាមួយគ្នាដោយសុខដុមរមនា ជៀសវាងការកើតមានការយល់ច្រឡំដោយប្រការណាមួយដែលបណ្តាលឱ្យក្លាយជាការប្រទូសរ៉ាយគ្នា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមើលឃើញពីសមិទ្ធផលនិងផលប្រយោជន៍ជាក់ស្តែង ហេតុនេះមានប្រទេសជាច្រើនបង្ហាញឆន្ទៈចូលរួមជាមួយប្រទេសចិនក្នុងការកសាងសហគមន៍ជោគវាសនារួមដើម្បីចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះ ។ ក្នុងចំណោមនោះ ប្រទេសកម្ពុជាដែលជាមិត្តដែកថែបបានមូលគំនិតជាមួយចិនក្នុងការរួមគ្នាកសាងសហគមន៍ជោគវាសនារួមដែលប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់និងស្តង់ដារខ្ពស់ ។ គម្រោងសហប្រតិបត្តិការសំខាន់ៗក្រោមការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរគឺគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»របស់ចិននិងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជាបានកើតចេញជាផ្លែផ្កាជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងព្រែកជីកហ្វូណនតេជោដែលកំពុងស្ថិតក្នុងការសាងសង់ ។ល។
អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ប្រទេសចិនបានបង្កើតទំនងទំនង«រួមគ្នាកសាងសហគមន៍ជោគវាសនារួម»ជាមួយប្រទេសអភិវឌ្ឍន៍តិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងប្រទេសជឿនលឿន ដែលបានរួមចំណែកមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងនេះ ដូចជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់បានលើកឡើងថា «ប្រទេសនានាលើពិភពលោកគឺស្ថិតនៅលើកប៉ាល់ធំតែមួយ ប្រសិនជាយើងចង់ឆ្លងកាត់ព្យុះភ្លៀងនិងរលកធំៗ ដើម្បីឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង នោះគឺត្រូវរួមចិត្តរួមកម្លាំងតែមួយ ហើយបើសិនជាមានអ្នកប៉ុនប៉ងទម្លាក់នរណាម្នាក់ទៅក្នុងសមុទ្រគឺមិនអាចទទួលយកបានឡើយ» ។
ថ្នាក់ដឹកនាំចិនបានថ្លែងជាច្រើនលើកច្រើនសាថា ចិនឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ជាសមាជិកនៃប្រទេស«សកលខាងត្បូង»ជានិច្ច នេះមានន័យថា នៅថ្ងៃអនាគត បើទោះបីជាចិនមានការវិវឌ្ឍរីកចម្រើនដល់កម្រិតណាក្តី ក៏ចិននៅតែឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួម ។ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ ថ្នាក់ដឹកនាំចិនបានប្រកាសពីការអនុគ្រោះពន្ធ ១០០% សម្រាប់ផលិតផលនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៣៣ ដែលមានទំនាក់ទំនងការទូតជាមួយចិន នេះគឺជាការអនុវត្តជាក់ស្តែងសម្រាប់ជំរុញភាពស៊ីជម្រៅនៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសចិនជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេសចិនជាមួយប្រទេសសកលខាងត្បូងផងដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះ នៅមានប្រទេសជាច្រើនដែលទទួលបានលទ្ធផលស្តួចស្តើងតែប៉ុណ្ណោះ ។ ភាពជាប់គាំងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់សកលលោក គឺដោយសារតែមានប្រទេសជាច្រើនមិនទាន់បានឈានចូលការធ្វើទំនើបកម្ម ប្រសិនជាប្រទេសសកលខាងត្បូងទាំងអស់សុទ្ធតែអាចសម្រេចបាននូវការធ្វើទំនើបកម្ម នោះគឺជាកម្លាំងចលករដ៏ធំសម្បើមសម្រាប់ជំរុញកំណើនប្រកបដោយចីរភាពរបស់ពិភពលោក ។ អាស្រ័យហេតុនេះ ការរួមគ្នាកសាងសហគមន៍ជោគវាសនារួមគឺជារូបមន្តដ៏មានប្រសិទ្ធភាពសម្រាប់ការរួបរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមដើម្បីចែករំលែកអនាគតដែលមានភាពរុងរឿងថ្កុំថ្កើង ។
ល្គឹកណាដែលមនុស្សជាតិអាចបង្កើតជាសហគមន៍ជោគវាសនារួមក្លាយជាមហាគ្រួសារតែមួយដែលរួមសាមគ្គីភាពគ្នា សហការគ្នានិងចែករំលែកផលប្រយោជន៍ជាមួយគ្នាដោយស្មោះត្រង់និងយុត្តិធម៌ ល្គឹកនោះភពផែនដីដែលជាផ្ទះរួមរបស់មនុស្សជាតិយើងនឹងកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ៕
评论被关闭。