ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិនបង្ហាញជំហររួមគ្នា ក្នុងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ និងអន្តរជាតិ
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី ឈិន អ៊ីជីន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តជនជាតិ Zhuang ខេត្តក្វាងស៊ី ប្រទេសចិន។
ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីជំហររួមគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និង ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនទៅក្នុងតំបន់ និង អន្តរជាតិ ជាពិសេស ដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤។
កិច្ចសហការលើវិស័យព័ត៌មាននិងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មានកម្ពុជា និងខេត្តក្វាងស៊ី គឺជាចក្ខុវិស័យដ៏រឹងមាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិនរយៈពេល ៦៦ ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែងក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការពិតនៅកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីឱ្យបានយល់កាន់តែច្បាស់បន្ថែមទៀត។
លោក នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណចំពោះរដ្ឋាភិបាលប្រទេសចិន និងរដ្ឋបាលខេត្តក្វាងស៊ី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មានកម្ពុជាលើវិស័យព័ត៌មាន និងសោតទស្សន៍ ហើយកិច្ចសហការនេះ គឺក្រសួងព័ត៌មានបានធ្វើកិច្ចការងារច្រើនជាមួយស្ថាប័ន អង្គភាពព័ត៌មាន និង ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋចិនក្នុងកិច្ចការព័ត៌មាន ហើយបានខិតខំប្រឹងប្រែងផ្សារភ្ជាប់នូវទំនាក់ទំនងលើការងារផ្សព្វផ្សាយព័ត៌មាន វប្បធម៍ ទេសចរណ៍ សំដៅធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ស្របតាមទិសស្លោកដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ដោយឈរលើសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។
លោកបានគូសបញ្ជាក់ថា ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ាន-ចិន ដែលផ្តោតលើវប្បធម៌ ទេសចរណ៍ និង ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងក្របខណ្ឌនេះ កម្ពុជាបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងនោះក្រសួងព័ត៌មានកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិនជាច្រើនលើការផ្សព្វផ្សាយព័ត៌មាន ការផលិតបទយកការណ៍ និង ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។
លោកស្រី ឈិន អ៊ីជីន បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ជាពិសេសក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយពីវប្បធម៌ ប្រវត្តិសាស្ត្រ និង ទេសចរណ៍របស់ប្រទេសទាំងពីរ។
លោកស្រីក៏បានកោតសរសើរចំពោះក្រសួងព័ត៌មានកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និង ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ជាពិសេសជាមួយខេត្តក្វាងស៊ីផ្ទាល់តែម្តង។
លោកស្រី ឈិន អ៊ីជីន ជឿជាក់យ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និង ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនទៅក្នុងតំបន់ និងអន្តរជាតិ៕
评论被关闭。