ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលពានរង្វាន់អតីតនិស្សិតកិត្តិយសពីសាកលវិទ្យាល័យ Adelaide

លោកស្រី​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានទទួល​ពានរង្វាន់​អតីត​និស្សិត​កិត្តិយស​ពីសាកលវិទ្យាល័យ Adelaide នៃប្រទេស​អូស្ត្រាលី ដែលបញ្ជាក់ពី​ការទទួលស្គាល់​សមត្ថភាព​ និងកិច្ចខិតខំ​ប្រឹងប្រែង​របស់​លោកស្រី​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ ​និងសេដ្ឋកិច្ច​កម្ពុជា។

គណៈគ្រប់គ្រង​នៃសាកលវិទ្យាល័យ Adelaide បានផ្តល់​ពានរង្វាន់​នេះជូន​និស្សិត​អន្តរជាតិ​ឆ្នើម​ដែលបាន​បញ្ចប់​ការសិក្សា​ដោយជោគជ័យ និងសម្រេច​សមិទ្ធផល​លេចធ្លោ​ក្នុងការ​ប្រើប្រាស់​ចំណេះ​ជំនាញ​ពីការសិក្សា ដើម្បី​អភិវឌ្ឍ​សង្គមជាតិ ព្រមទាំង​បានបង្ហាញ​គំរូ​វីរភាព​ល្អ​សម្រាប់​បំផុស​គំនិត​វិជ្ជមាន​ដល់យុវជន​ជំនាន់ក្រោយ។

ក្នុងឱកាស​ទទួល​ពានរង្វាន់​នេះ លោកស្រី ជា សិរី បានថ្លែង​អំណរគុណ​ដល់ថ្នាក់ដឹកនាំ ក៏ដូចជា​គណៈគ្រប់គ្រង​សាកលវិទ្យាល័យ Adelaide ដែលបាន​ទទួលស្គាល់​សមិទ្ធផល​ការងារ​របស់​លោកស្រីព្រមទាំង​ថ្លែងអំណរគុណ​ដល់សាស្ត្រាចារ្យ​ណែនាំ ដែលបាន​ចូលរួម​ផ្តល់​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​ឱ្យ​លោកស្រី​អាចទទួលបាន​ជោគជ័យ​ក្នុងការសិក្សា​និងការរីកចម្រើន​ក្នុងអាជីព​វិជ្ជាជីវៈ។

ក្នុងនាមជា​ទេសាភិបាល​ស្ត្រីដំបូង​នៅធនាគារជាតិ​នៃកម្ពុជា លោកស្រី ជា សិរី បានសម្រេច​ស្នាដៃ​ការងារ​លេចធ្លោ​ជាច្រើន ហើយតែងបាន​ទទួលការ​អញ្ជើញ​ធ្វើជា​វាគ្មិន​ចែករំលែក​ចំណេះដឹង​និងបទពិសោធន៍​លើឆាកអន្តរជាតិ​ជាច្រើន។ បន្ថែមលើនេះ លោកស្រី​តែងខិតខំ​យ៉ាងសកម្ម​ក្នុងការ​បង្កើន​ភាពអង់អាច​ផ្នែកសេដ្ឋកិច្ច​សម្រាប់​ស្ត្រី ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ជាវិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា ​និងជុំវិញ​ពិភពលោក។

លោកស្រី ជា សិរី បានបញ្ចប់​ការសិក្សា​និងទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ទស្សនវិជ្ជា​ផ្នែកវិទ្យាសាស្ត្រ​សេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកលវិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្តោតលើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ឥទ្ធិពល​នៃបរិយាបន្ន​ហិរញ្ញវត្ថុនិងសេរីភាវូបនីយកម្ម​លើដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន៕

你可能还喜欢

评论被关闭。