សារព័ត៌មាន ជានហ្វា ចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការជាមួយសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា

សារព័ត៌មាន ជាន ហ្វា និង​សមាគម​ផលិតផល​ធ្វើដំណើរ​ និងស្បែក​នៅកម្ពុជា បានចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ ដើម្បី​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍ ឈ្នះ ឈ្នះ និងនិរន្តរភាព និងលើកកម្ពស់​ការប្រកួត​ប្រជែង​ និង​ឥទ្ធិពល​សង្គម​របស់​ភាគី​ទាំងពីរ​ក្នុងវិស័យ​រៀងៗខ្លួន។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​ក្នុងពិធីពិសា​ភោជនាហារ​សាមគ្គីប្រចាំឆ្នាំ របស់​​សមាគម​ផលិតផល​ធ្វើដំណើរ​ និងស្បែក​នៅកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅណាហ្គាវើល១ រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និងវត្តមាន​លោក អ៊ឹង ហុងម៉េង ចាងហ្វាង​សារព័ត៌មាន ជាន ហ្វា និងលោកឧកញ៉ា លឹម តុង ប្រធានសមាគម​ផលិតផល​ធ្វើដំណើរ​និងស្បែក​នៅកម្ពុជាជាហត្ថលេខី។

អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយផ្អែកលើ​សមភាព​ ការចែករំលែក​ធនធាននិងផលប្រយោជន៍​ទៅវិញ​ទៅមក  ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រួមគ្នា ក្នុងគោលបំណង​ដើម្បី​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ឈ្នះ ឈ្នះ និងនិរន្តរភាព និងលើកកម្ពស់​ការប្រកួត​ប្រជែង​និង​ឥទ្ធិពល​សង្គម​របស់​ភាគី​ទាំងពីរ​ក្នុងវិស័យ​រៀងៗខ្លួន។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​នេះ នឹងជួយឱ្យ​ភាគី​ទាំងពីរមានភាព​ប្រសើរឡើង​បន្ថែមទៀត​នូវប្រសិទ្ធភាព​​ប្រតិបត្តិការ​រួម កាត់បន្ថយ​ការចំណាយ​ប្រតិបត្តិការ អនុវត្ត​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ ការផ្សព្វផ្សាយ​ម៉ាកយីហោ និង ជំរុញ​កំណើន​នៃការលក់​ឱ្យកាន់តែ​មានប្រសិទ្ធភាព​និងប្រសិទ្ធផល​​នាពេល​អនាគត។

សារព័ត៌មាន ជាន ហ្វា ជាអង្គភាព​សារព័ត៌មាន​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា ត្រូវបាន​បង្កើតឡើង​នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០០។ បច្ចុប្បន្ននេះ សារព័ត៌មាន ជាន ហ្វា ​ផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​ការបោះពុម្ព​កាសែត គេហទំព័រ បណ្តាញ​ទំនាក់ទំនងសង្គម មានជាអាទិ៍ វីឆាត (WeChat) ហ្វេសប៊ុក (Facebook) និង តេឡេក្រាម (Telegram) ជាដើម ហើយនៅ​ឆ្នាំ២០២៤ នេះ សារព័ត៌មាន ជាន ហ្វា បានអភិវឌ្ឍ​ខ្លួនមួយកម្រិត​ទៀត​តាមរយៈ​ចេញផ្សាយ​សារព័ត៌មាន​ជាខេមរភាសា បន្ថែម​ពីលើភាសាចិន​ដែលបាននិងកំពុងតែដំណើរការផ្សាយតាំងពី​ដើមមក ដើម្បី​ពង្រីក​វិសាលភាព​ផ្សព្វផ្សាយ​ព័ត៌មាន​និងបំពេញ​តម្រូវការ​របស់​មិត្តអ្នកអាន​និងប្រជាពលរដ្ឋខ្មែរ។

សារព័ត៌មាន ជាន ហ្វា បង្កើត​ឡើង​ជាមួយ​ចក្ខុវិស័យ​បម្រើដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា តាមរយៈ​ការគាំទ្រដល់​សមាគមចិន​និងអង្គភាព​ឬស្ថាប័ន​ដែលជាប់​សែស្រឡាយចិន ទាក់ទាញ​វិនិយោគិន​ចិន​មកបណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា និង ចូលរួម​ជាវិភាគទាន​ក្នុងការ​ជួយពង្រឹង ​និងពង្រីក​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ចិន។

សមាគម​ផលិតផល​ធ្វើដំណើរ​និងស្បែក​នៅកម្ពុជា ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណង​ដើម្បី​ជួយសម្រួល​ដល់ការអភិវឌ្ឍ ​និង​កិច្ចសហប្រតិបត្តិការ​លើវិស័យផលិត​ផលិតផល​ធ្វើដំណើរ ​និងស្បែក​របស់​ប្រទេស​កម្ពុជា។ គិតត្រឹម​ខែតុលា ឆ្នាំ២០២៤ ទំហំ​នៃការនាំចេញ​ផលិតផល​ធ្វើដំណើរ​និងស្បែក​របស់​កម្ពុជាមានទឹកប្រាក់​សរុបជាង ២,៤៣ ប៊ីលាន​ដុល្លារអាម៉េរិក មានការ​កើនឡើង ២១% ធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣។ ផលិតផល​ទាំងនេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាម៉េរិក អឺរ៉ុប ប្រទេស​អង់គ្លេស និង ទីផ្សារអាស៊ាន និងបានជួយ​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥ ម៉ឺន​កន្លែង ចូលរួម​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​កម្ពុជា៕

你可能还喜欢

评论被关闭。