សម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។
ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោក្នុងដំណើរទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន និង ថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិប្បញ្ញត្តិនិងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។
នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយលោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរំលេចឱ្យដឹងថា ខណៈដែលឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិនកំពុងឈានដល់ទីបញ្ចប់ ដំណើរទស្សនកិច្ចជាលើកទីមួយរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានព្រឹទ្ធសភានេះ នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹងចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀត នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់នៅក្នុងយុគសម័យថ្មី។
គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបឱ្យដឹងថា ក្រៅពីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន សម្តេចក៏អាច នឹងទៅបំពេញទស្សនកិច្ចនៅប្រទេស ៣ បន្ថែមទៀត គឺប្រទេសអារ៉ាប៊ីសាអូឌីត កាតា និង ប្រទេសតួកគី៕
评论被关闭。