អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងពង្រីកការវិនិយោគ ដើម្បីទាក់ទាញទេសចរណ៍

ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ លោក លូ អ៊ុយ (Lu Wei) បានបង្ហាញពីផែនការ​ពង្រីក​ការវិនិយោគអាកាសយានដ្ឋាន​នេះ ដើម្បី​លើកកម្ពស់វិស័យ​ទេសចរណ៍​ខេត្តសៀមរាប។​

លោក លូ អ៊ុយ លើកឡើងបែបនេះ​ក្នុង​ជំនួប​ការងារ​ជាមួយ​លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ​នាឱកាស​ចូលរួម​កម្មវិធី​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​លើកទី២៩ កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

លោក លូ អ៊ុយ បានឱ្យ​ដឹងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ​បានទទួល​ស្វាគមន៍​អ្នកដំណើរ​ចំនួន ១,៣ លាននាក់​ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២៤ ដោយរំពឹងថា​ចំនួន​អ្នកដំណើរ ​នឹងកើនឡើង​ដល់ ១,៤ លាននាក់​នៅត្រឹម​ដំណាច់​ឆ្នាំ២០២៤ និង ២ លាននាក់​នៅក្នុង​ឆ្នាំ២០២៥។

លោកបាន​លើកឡើងពី​កិច្ចខិតខំ​របស់​ក្រុមហ៊ុន ​ក្នុងការ​ផ្សព្វផ្សាយ​និងការរៀបចំ​ព្រឹត្តិការណ៍​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវទេសចរ​ចិន។ លោកក៏បាន​សាទរ​ចំពោះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ ពិសេស​ការតបណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនដល់​អាកាសយានដ្ឋាន​បានយ៉ាង​ល្អប្រសើរ។

ទន្ទឹមនឹងនេះ លោក លូ អ៊ុយ បានស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួង​ លើគម្រោង​អភិវឌ្ឍ​តំបន់​ជុំវិញ​ ដោយផ្តោតលើ​ការទាក់ទាញ​ឧស្សាហកម្ម​ដែលបង្កើត​តម្លៃ​បន្ថែម​ខ្ពស់ ដោយសម្ព័ន្ធ​ក្រុម​ហ៊ុន វិនិយោគ យូណាន (Yunnan Investment Group) គ្រោង​វិនិយោគ​បន្ថែម​​ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាន និង​តំបន់​ជុំវិញ​។

លោក ហែម វណ្ណឌី បានកោតសរសើរ​ក្រុមហ៊ុន​ ដែលបាន​សម្រេចចិត្ត​វិនិយោគ​រយៈពេលវែង​នៅ​កម្ពុជា និងបាន​បញ្ជាក់ពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល ​ក្នុងការ​គាំទ្រ​ក្រុមហ៊ុន ដើម្បី​ទាក់ទាញ​ទាំងភ្ញៀវ​ទេសចរ ​និងឧស្សាហកម្ម​មកកាន់​តំបន់នេះ។

លោកបាន​បញ្ជាក់ថា កម្ពុជា​ចង់ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ទាំងតូច​ទាំងធំ​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា។ នៅពេលដែល​ឧស្សាហកម្ម​ក្នុងស្រុក​រីកចម្រើន ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នឹងកើនឡើង ដែលនឹង​ជំរុញ​ដល់ការអភិវឌ្ឍ​អាកាសយានដ្ឋាន​និងតំបន់​ជុំវិញ​បន្ថែម​ទៀត។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​មានចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ពីក្រុង​សៀមរាប ត្រូវបាន​បើកដំណើរការ​ជាផ្លូវការ​នៅខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាន​នេះមាន​សមត្ថភាព​ទទួល​អ្នកដំណើរ​រហូត​ដល់ ៧ លាននាក់​ក្នុង​មួយឆ្នាំ៕

你可能还喜欢

评论被关闭。