សម្ដេចតេជោ ហ៊ុន សែន៖ បើគ្មានថ្ងៃ ២ ធ្នូ និង ៧ មករា កម្ពុជាក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ
ក្នុងឱកាសខួប ៤៦ ឆ្នាំនៃថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានចាត់ទុកថ្ងៃ ២ ធ្នូ និងថ្ងៃ ៧ មករា ជាសច្ចធម៌នៃប្រវត្ដិសាស្ដ្រ បើគ្មានថ្ងៃទាំងពីរនេះទេ ប្រទេសកម្ពុជាក៏ពុំមានថ្ងៃនេះដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ និងថ្ងៃជ័យជម្នះ ៧ មករាទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។
សម្ដេចតេជោបានរម្លឹកថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្ដេចផ្ទាល់ រួមជាមួយសម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មពោធិសាល ជា ស៊ីម និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្ដេចតេជោបន្តថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយទទួលបានការឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពនិងឱកាសដើម្បីស្ដារនិងកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ និងជ័យជម្នះ ៧ មករាទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ៕
评论被关闭。