ក្រុមហ៊ុនចិនចាប់អារម្មណ៍ការវិនិយោគ លើគម្រោងថាមពលអគ្គិសនីក កើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុន Windey Energy Technology Group មកពី​ខេត្តជឺជាំង (Zhejiang) ប្រទេស​ចិន បានបង្ហាញ​ពីចំណាប់​អារម្មណ៍ ​ក្នុងការ​វិនិយោគ​លើគម្រោង​ថាមពល​អគ្គិសនី​កកើត​ឡើងវិញ​ នៅប្រទេស​កម្ពុជា។

នាព្រឹក​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក លីវ ហាវយ៉ាន (Liu Haoran) ប្រធាន​ផ្នែកអភិវឌ្ឍន៍​នៃក្រុមហ៊ុន Windey Energy Technology Group ដែលមាន​បំណង​ដើម្បី​ពិគ្រោះ​យោបល់​ លើកាលានុវត្តភាព​វិនិយោគ​លើគម្រោង​ ថាមពល​អគ្គិសនី​កកើត​ឡើងវិញ។

លោក សួន សុផល បានសម្តែងនូវ​ការស្វាគមន៍ ​និងថ្លែងអំណរគុណ ​ចំពោះ​គណៈប្រតិភូ​ក្រុមហ៊ុន ​ដែលបាន​មកកាន់​កម្ពុជា​ដោយផ្ទាល់​ ក្នុងគោលដៅ​សិក្សា​ស្វែងយល់ ​ពីសក្តានុពល​និងបរិយាកាស​វិនិយោគ​កម្ពុជា ​ឱ្យបាន​ជាក់ច្បាស់។ លោកបាន​គូសរំលេច​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​កំពូល ​នៃប្រទេស​ទាំងពីរ ​ក្នុងការ​ពង្រឹងមិត្តភាព​ដែកថែប ​និងលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ ​នូវកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ និងជំរុញ​ការកសាង​សហគមន៍​វាសនារួម​កម្ពុជា-ចិន ក្នុងយុគសម័យ​ថ្មី។ ក្នុងស្មារតី​នេះ ការចូលរួម​ចំណែក​នៃរំហូរ​វិនិយោគ​ផ្ទាល់​ពីប្រទេស​ចិន​ បានដើរ​តួនាទី​ដ៏សំខាន់​ក្នុងការ​ដុសខាត់​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ ​ឱ្យកាន់តែ​ភ្លឺចែងចាំង​មួយកម្រិត​បន្ថែមទៀត។

លោកបាន​លើកទឹកចិត្ត​ឱ្យសមភាគី​បន្ត​ពិគ្រោះ​យោបល់ ​ជាមួយ​ក្រសួង​រ៉ែនិង​ថាមពលកម្ពុជា ក្នុងគោលដៅ​សិក្សា​សមិទ្ធិ​លទ្ធភាព និងទទួលបាន​គោលការណ៍ ​ជាលក្ខណៈ​បច្ចេកទេស​ពី​ក្រសួង​ជំនាញ ហើយក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បើកទ្វារ​ចំហ​ស្វាគមន៍​ជានិច្ច ​ក្នុងការរង់ចាំ​ផ្តល់កិច្ច​សម្រួល និងការលើកទឹកចិត្ត​នានា​ស្របតាម​ច្បាប់​និងប្បញ្ញត្តិ​ជាធរមាន។

លោក លីវ ហាវយ៉ាន បានសម្តែង​នូវការកត់សម្គាល់ ​អំពី​ថាមភាព​របស់​កម្ពុជា ​ក្នុងការ​ពង្រឹង​បន្ថែម​នូវទំនាក់​ទំនង​មិត្តភាព​ដែកថែប​រវាង​កម្ពុជា-ចិន ព្រមទាំង​ភាពសកម្ម​ក្នុងក្របខណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម “ផ្លូវនិង​ខ្សែក្រវាត់” ហើយលោក​ជឿជាក់​ថា ការវិនិយោគ​ផ្ទាល់​ពីប្រទេស​ចិន ពិតជា​បានជះ​ផលវិជ្ជមាន​លើកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ​ប្រាកដមែន។

លោក លីវ ហាវយ៉ាន និងគណៈប្រតិភូ​បានទទួលយក​អនុសាសន៍​ណែនាំ​របស់​លោក សួន សុផល និងបានបង្ហាញ​នូវសុទិដ្ឋិនិយម​ថា ក្រុមហ៊ុន​ នឹងអាច​មាន​ឱកាស​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ​លើវិស័យ​ថាមពលស្អាត​នាពេល​ខាងមុខ៕

你可能还喜欢

评论被关闭。