សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នៅព្រឹក​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និងផ្តល់​យោបល់​ ដើម្បី​ពិភាក្សា​ការងារ ​​និងផ្លាស់ប្តូរ​យោបល់​នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

នេះជា​កិច្ចប្រជុំ​លើកទីពីរ​ហើយដែល​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី៧​ បានជួប​ប្រជុំ​ជាមួយ ​តំណាង​គណបក្ស​នយោបាយ​ដែលមិនមាន​អាសន:​ក្នុងសភា​ តែអាច​ជួបជាមួយ​គ្នា ​ដោយប្រើប្រាស់​យន្តការ​ឧត្តម​ក្រុមប្រឹក្សា​​ពិគ្រោះ ​និងផ្តល់​យោបល់​ សម្រាប់​បើកឱកាស ​ឱ្យតំណាង​បណ្តា​គណបក្ស​នយោបាយ​ អាចផ្តល់​មតិយោបល់​ ឬធាតុចូល​ផ្សេង​ៗ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោបល់​ ជាយន្តការ​ពិគ្រោះ​ និងផ្តល់យោបល់​របស់​គណបក្ស​នយោបាយ​ ជូនរាជរដ្ឋាភិបាល​ក្រៅក្របខណ្ឌ​សភា ក្នុងគោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ​ ដើម្បី​ជាប្រយោជន៍​ដល់ការ​បម្រើ​សេវា​ជូនប្រជាជន ​និងការអភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ​សក្តានុពល។ ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និងផ្តល់​យោបល់​ មានអាណត្តិ​ដូចអាណត្តិ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៧​ នៃរដ្ឋសភា។

សូមរម្លឹកថា ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោបល់​​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ២០១៨​ និងដើមឆ្នាំ២០១៩ ក្នុងអាណត្តិ​ទី៦ ដែលពេលនោះ ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​កម្ពុជា ហើយបន្ត​រហូត​អាណត្តិ​ទី៧ ដែលសម្តេចធិបតី​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តាមរយៈ​ព្រះរាជក្រឹត្យ ​ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោបល់​ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣៕

你可能还喜欢

评论被关闭。