សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនភីង

នៅព្រឹក​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន និងជា​ប្រធានាធិបតី​ចិន នៅផ្ទះភ្ញៀវរដ្ឋ​ Diaoyutai ក្នុងរដ្ឋធានី​ប៉េកាំង​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន។

ជាកិច្ច​ចាប់ផ្តើម លោក ស៊ី ជីនភីង បានសម្តែង​នូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ​កម្ពុជាមកកាន់​ប្រទេស​ចិន​នាពេលនេះ។

លោក ស៊ី ជីនភីង មានប្រសាសន៍ថា ទំនាក់ទំនង​មិត្តភាព​រវាង​ចិននិងកម្ពុជា​មានគុណភាព​ពេញលេញ និងស្របតាម​ផលប្រយោជន៍​រួមរបស់​ប្រជាជន​នៃប្រទេស​ទាំងពីរ។ ភាគី​ចិន​តែងតែ​ចាត់ទុក​កម្ពុជា​ជាទិសដៅសំខាន់ ​ក្នុងវិស័យ​ការទូត​របស់ខ្លួន ហើយមាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​កសាង​សហគមន៍​វាសនារួម​ចិន-កម្ពុជា ​ក្នុងយុគសម័យថ្មី ប្រកបដោយ​គុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។ ទី១ ភាគី​ទាំងពីរ​ត្រូវតែ​គាំទ្រ​គ្នាទៅវិញទៅមក​ដោយម៉ឺងម៉ាត់ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ដែកថែប។ ភាគីចិន​នឹង​គាំទ្រ​កម្ពុជា​យ៉ាងម៉ឺងម៉ាត់ ​ចំពោះ​ផលប្រយោជន៍​ក្នុងការ​ការពារ​អធិបតេយ្យភាពជាតិ សន្តិសុខ និង ការអភិវឌ្ឍ។ ទី២ ប្រទេស​ទាំងពីរ​ត្រូវពង្រឹង​ការផ្លាស់ប្តូរ ​និងការរៀនសូត្រ​ទៅវិញទៅមក និងជំរុញ​ការអភិវឌ្ឍ​រួមគ្នា។ បក្សកុម្មុយនីស្ត​ចិន មានឆន្ទៈ​ពង្រឹង​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ ​និងកិច្ចសហប្រតិបត្តិការ​បណ្តុះបណ្តាល​កម្មាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីជួយកម្ពុជា​ស្វែងរក​ផ្លូវអភិវឌ្ឍ​ដែលសមស្រប ​នឹង​លក្ខខណ្ឌ​ស្ថានភាពរបស់ខ្លួន។ ទី៣ ប្រទេស​ទាំងពីរ​ត្រូវចាប់យក​ឱកាស​សហប្រតិបត្តិការ ​និង​បង្កើត​ស្ថានការណ៍ឈ្នះ-ឈ្នះថ្មី។ ភាគី​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បីអនុវត្ត​ទម្រង់​ថ្មី ​នៃផែនការ​សកម្មភាព​សហគមន៍​វាសនារួម ​ជាខ្សែបន្ទាត់​សំខាន់ បន្ត​ពង្រឹង​រចនាសម្ព័ន្ធសហប្រតិបត្តិការ​ត្បូងពេជ្រ  បង្កើត​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ “ច្រករបៀងអភិវឌ្ឍ​ឧស្សាហកម្ម​” និង “ច្រករបៀងត្រីនិងអង្ករ” ជំរុញ​ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​សំខាន់ៗ និងជួយ​កសាង​ការផ្សារភ្ជាប់​គំនិត​ផ្តួចផ្តើម​ “ខ្សែក្រវាត់​មួយ ផ្លូវមួយ” និង “យុទ្ធសាស្ត្រប​ញ្ចកោណ” របស់​កម្ពុជា​ប្រកបដោយ​គុណភាពខ្ពស់។

លោក ស៊ី ជីនភីង បានបន្ថែមថា នាពេល​បច្ចុប្បន្ននេះ ស្ថានភាព​អន្តរជាតិ​កំពុង​ជាប់ពាក់ព័ន្ធ​នឹងភាព​វឹកវរ ហើយបញ្ហា​ប្រឈម​ជាសកល ​បានកើតឡើងជាបន្តបន្ទាប់ ដែលជាការ​ដកពិសោធន៍អំពី​សមត្ថភាព​ឆ្លើយតប​ និងការជ្រើសរើស​របស់​ប្រទេស​នីមួយៗ។ ទាំងចិន​និងកម្ពុជា ប្តេជ្ញា​ធ្វើជា​កម្លាំង​សន្តិភាព កម្លាំង​​អភិវឌ្ឍន៍ និង កម្លាំង​រីកចម្រើន​សម្រាប់​សកលលោក។ ភាគី​ចិននឹង​បន្ត​គាំទ្រ​កម្ពុជា​ក្នុងការ​ដើរតួនាទី​កាន់តែ​ធំក្នុងកិច្ចការ​អន្តរជាតិ​ និងតំបន់ ពង្រឹង​អំណាច​ប្រទេសនៃ “សកល​ខាងត្បូង” (សំដៅ​បណ្តា​ប្រទេស​ទីផ្សារ​កើតថ្មី​ និងប្រទេស​កំពុង​អភិវឌ្ឍ) គាំទ្រ​អាស៊ាន​ក្នុងការ​ប្រកាន់ខ្ជាប់​នូវឯករាជ្យភាព ​ជាយុទ្ធសាស្ត្រនិងការពារ​តួនាទីស្នូល​របស់ខ្លួន ប្រឆាំង​ដាច់ខាត​ចំពោះ​កម្លាំងខាងក្រៅ ​ដែលនាំយក​ផ្នត់គំនិត​សង្គ្រាម​ត្រជាក់​ចូលទៅក្នុង​តំបន់ ជំរុញ​ការកសាង​សមាហរណកម្ម ​និងសហគមន៍អាស៊ាន​ដោយឥត​ងាករេ។ ភាគីចិន​មានឆន្ទៈ​រួមជាមួយ​កម្ពុជា​ដោយ​ឥតប្រែប្រួល ពង្រឹង​ផ្នត់គំនិតនៃដែនកំណត់ ពង្រឹង​កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ដើម្បី​រួមគ្នា​ឆ្លើយតប​ទៅ នឹង​ហានិភ័យ​ផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណង​មិត្តភាព​កម្ពុជា-ចិន​ត្រូវបាន​បង្កើតឡើង​រួមគ្នា​ដោយថ្នាក់ដឹកនាំ​ចាស់​នៃប្រទេស​ទាំងពីរ ដោយបាន​ឆ្លងកាត់​ការពិសោធរបស់​ប្រវត្តិសាស្ត្រ​និងពេលវេលា សហគមន៍​វាសនា​រួមសមស្រប​ទៅ នឹង​ផលប្រយោជន៍​នៃប្រទេស​ទាំងពីរ។

ភាគី​កម្ពុជា​បានថ្លែង​អំណរគុណចំពោះ​ភាគី​ចិន ​ដែលជានិច្ចកាល​តែងផ្តល់ជំនួយ ​និងការគាំទ្រ​ចំពោះ​ការអភិវឌ្ឍ​នយោបាយ ​និងសេដ្ឋកិច្ច​សង្គម​កម្ពុជា ចិនគឺជា​មិត្តភក្តិ​ដ៏គួរឱ្យ​ទុកចិត្ត​របស់​កម្ពុជា។ រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយចិន គឺជាការ​ឯកភាព​នយោបាយ​ឥតងាករេ​របស់គណបក្ស​ប្រជាជន​កម្ពុជា ហើយនឹង​មិនមាន​ការប្រែប្រួល​ដោយសារ​តែការ​ផ្លាស់ប្តូរអន្តរជំនាន់​នៃថ្នាក់ដឹកនាំកម្ពុជា​ឡើយ។ ភាគី​កម្ពុជា​នឹងបន្ត​ប្រកាន់​ខ្ជាប់នូវគោលការណ៍​ចិនតែមួយ គាំទ្រ​ប្រទេស​ចិន​ក្នុងការ​ការពារ​ផលប្រយោជន៍​ស្នូល និងមាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ភាគីចិន ក្នុងការ​ពង្រឹង​ការផ្លាស់ប្តូរ​អន្តរភាគី ពង្រឹង​ទំនុកចិត្ត​គ្នាទៅវិញ​ទៅមក​ផ្នែកនយោបាយ ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើវិស័យ​ផ្សេងៗ បង្កើន​ភាពស្និទ្ធស្នាល​រវាង​យុវជន ​និងទំនាក់​ទំនង​មនុស្ស​និងវប្បធម៌​នៃប្រទេស​ទាំងពីរ។

សម្តេចតេជោ​ថ្លែងបន្ថែមថា ភាគី​កម្ពុជា​មានឆន្ទៈ​ក្នុងការ​ពង្រឹង​ការសម្របសម្រួល​និងកិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន​លើកិច្ចការ​អន្តរជាតិ​និងតំបន់៕

你可能还喜欢

评论被关闭。