សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទស្សនាសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក សៀ ឈុនថោវ (Xie Chuntao) អនុប្រធានប្រតិបត្តិសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
លោក សៀ ឈុនថោវ បានសម្ដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសម្ដេចតេជោ ហ៊ុន សែន ដែលជាមិត្តចាស់ មិត្តល្អ ចំពោះបុព្វហេតុជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងចិននិងកម្ពុជា។
លោកបានជម្រាបជូនសម្ដេចតេជោ និងគណៈប្រតិភូពីប្រវត្តិនៃការបង្កើតសាលាគណបក្សនេះ។ សាលានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៣ និងជាសាលាបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ អប់រំទ្រឹស្តី មនោគមវិជ្ជា គោលនយោបាយ ជាពិសេសគំនិតរបស់ថ្នាក់ដឹកនាំកំពូលចិន ដូចជាគំនិតរបស់លោក ម៉ៅ សេទុង តេង ស៊ាវភីង និង គំនិតរបស់លោក ស៊ី ជីនភីង ស្តីពីសង្គមនិយមសម័យថ្មី និង ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំសម្រាប់កម្មាភិបាលបក្ស និងជាធនាគារខួរក្បាល (Think Bank) នៃការសិក្សាស្រាវជ្រាវកំពូល និងសំខាន់មួយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
លោក សៀ ឈុនថោវ ក៏បានធ្វើបទបង្ហាញអំពីរបៀបរបបបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវកម្រិតខ្ពស់របស់សាលាគណបក្សនេះ ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងស្ថាប័នជាដៃគូចំនួន ១៦៤ ប្រទេស រួមទាំងកម្ពុជាផងដែរ និងអង្គការអន្តរជាតិចំនួន ២១ ផ្សេងទៀត។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការបណ្ដុះបណ្ដាលមន្ត្រីគណបក្សថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយសម្ដេចក៏បានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវ ជូនថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេសសម្រាប់កិច្ចការរៀបចំមហាសន្និបាតរបស់គណបក្ស កម្មវិធីបង្រៀន ការបោះពុម្ពជាសៀវភៅ និង អត្ថបទសម្រាប់ធ្វើការផ្សព្វផ្សាយ។ល។
ទាក់ទងនឹងការសិក្សាស្រាវជ្រាវនេះ សម្ដេចតេជោបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជាមួយនឹងគណបក្សប្រជាជនកម្ពុជា តាមរយៈការបញ្ជូនកម្មសិក្សាការីរបស់កម្ពុជាមកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននេះ និងការបញ្ជូនគ្រូឧទ្ទេស និងអ្នកជំនាញរបស់ចិនទៅធ្វើបទបង្ហាញនៅកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោក សៀ ឈុនថោវ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្របមួយ។
ជាការឆ្លើយតប លោក សៀ ឈុនថោវ បានទទួលយកការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ លោកក៏បានសម្តែងនូវការរីករាយក្នុងការទទួលសិក្ខាកាម នៃគណបក្សប្រជាជនកម្ពុជា និងការបញ្ជូនអ្នកជំនាញការ និងសាស្ត្រាចារ្យទៅបំពេញទស្សនកិច្ច និងធ្វើបទបង្ហាញនៅកម្ពុជា៕
评论被关闭。