រាជរដ្ឋាភិបាលគាំទ្រគម្រោងរោងចក្រផលិតដែកតម្លៃ ៤០ លានដុល្លារនៅខេត្តព្រះសីហនុ
គម្រោងវិនិយោគ បង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទនៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០ លានដុល្លារអាម៉េរិក ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសពីរាជរដ្ឋាភិបាលកម្ពុជា។
កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ព្រមទាំងការស្នើចូលសញ្ជាតិខ្មែរ របស់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
អង្គប្រជុំបានពិនិត្យសម្រេច លើការស្នើរបស់ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្ម រួមមានការពន្លា ការច្រៀកដែកសន្លឹក និងដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេងៗ សម្រាប់បម្រើការក្នុងវិស័យសំណង់ ក្រោមទុនវិនិយោគប្រមាណ ៤០ លានដុល្លារ។
ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាដើម្បីស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោគិន ដែលមានសក្តានុពលខ្ពស់ចំនួន ២ រូប ដែលមានគម្រោងវិនិយោគពាក់ព័ន្ធ នឹងការកែច្នៃអាលុយមីញ៉ូម និងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបចំនួន ១១០ លានដុល្លារ លើទំហំដី ៣០៣ ហិកតា៕
评论被关闭。