សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយប្រធានសភាតំណាងប្រជាជនចិន ចាវ ឡឹជី
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ចាវ ឡឹជី មានប្រសាសន៍ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសម្តេចតេជោ ហ៊ុន សែន ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា បានឈានចូលយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។
លោកថ្លែងថា ភាគីចិន មានឆន្ទៈរួមគ្នាជាធ្លុងមួយជាមួយភាគីកម្ពុជា ដោយអនុវត្តតាមការឯកភាពដ៏សំខាន់រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវការគាំទ្រគ្នាទៅវិញទៅមក ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រីកទំនាក់ទំនងប្រជាជន និងប្រជាជន និងផ្លាស់ប្តូរវប្បធម៌គ្នា ជំរុញទំនាក់ទំនងចិន-កម្ពុជាឱ្យទទួលបានការអភិវឌ្ឍកាន់តែប្រសើរបន្ថែមទៀត។
លោក ចាវ ឡឹជី បានបន្ថែមថា សភាតំណាងប្រជាជនចិនរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ដើម្បីជាវិភាគទានក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសចិនជានិច្ចកាលតែងតែរក្សាការស្មើភាពជាមួយកម្ពុជា គោរពកម្ពុជា ហើយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនពិតជាមានអត្ថន័យសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការចាកផុតពីភាពក្រីក្រ។
សម្តេចតេជោបានបន្ថែមថា កម្ពុជានឹងរួមគ្នាជាធ្លុងមួយជាមួយភាគីចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងប្តេជ្ញាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យទទួលបានជោគជ័យ៕
评论被关闭。