ក្រមាខ្មែរត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ UNESCO
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រមាខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការសិក្សាវិទ្យាសាស្ត្រអប់រំ និងវប្បធម៌ (UNESCO) នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្កាយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងនូវការអបអរសាទរ និងបានចាត់ទុកថា នេះគឺជាមោទកភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៤ ធ្នូ ២០២៤ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO បានអនុម័តយល់ព្រមចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO តាមរយៈសេចក្តីសម្រេច 19.COM 7.6.27។
សម្តេចធិបតីបានថ្លែងទៀតថា នេះគឺជាមោទកភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល។ ការចុះបញ្ជីនេះ បានផ្តល់នូវតម្លៃដូចគ្នា ចំពោះកម្ពុជានិងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និង លើកតម្កើងគុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ សម្តេចធិបតីក៏បានសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសវិសាល ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។
សម្តេចធិបតីក៏សម្តែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង គាំទ្រ និង កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និង ប្រើប្រាស់ក្រមាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិ និងជាកេរដំណែលប្រពៃណីដ៏ថ្លៃថ្លាក្នុងសង្គមកម្ពុជាតាំងពីដើមរៀងមក។
ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចធិបតីបានអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ ដែលជាមោទកភាពជាតិ ដ៏មានសារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត៕
评论被关闭。