ក្រសួងមហាផ្ទៃចេញបញ្ជាបញ្ឈប់ការផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ លើបណ្តាញទំនាក់ទំនងសង្គម

នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា បានចេញសារាចរ​ណែនាំ​​ស្តី​ពី​ការបញ្ឈប់​​សកម្មភាព​​ផ្សព្វផ្សាយ​​ល្បែងស៊ីសង​​ខុសច្បាប់ ហាម​ប្រាម​មិនឱ្យ​​មាន​ការ​ផ្សព្វផ្សាយខ្លឹមសារ​​ពាក់ព័ន្ធ​ នឹង​ល្បែង​ស៊ីសង​​ខុសច្បាប់​​គ្រប់ប្រភេទ រួមទាំង​​តាម​រយៈ​អនឡាញ​​ផងដែរ។

សារាចរនេះបានលើកឡើងថា នាពេល​ថ្មីៗនេះ ក្រសួង​​មហាផ្ទៃ​​បាន​សង្កេត​ឃើញ​​មានបណ្តាញ​​ទំនាក់​​ទំនង​​សង្គម ​និង​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​មួយចំនួន បានផលិត​រូបភាព វីដេអូ និង មាតិកា​​ល្បែងស៊ីសង​​ខុសច្បាប់ ព្រមទាំង​​ផ្សព្វផ្សាយ​​ល្បែង​ស៊ីសង​​ទាំងនេះ ដើម្បី​​អូសទាញ​​ប្រជា​ពលរដ្ឋ​​ឱ្យ​ចូល​​លេង​ល្បែង​ស៊ីសង​​ខុសច្បាប់ ​​ដោយ​ផ្ទាល់​​ឬ​តាម​​ប្រព័ន្ធ​​អនឡាញ (Online)។ នៅក្នុង​​សកម្មភាព​​ផ្សព្វផ្សាយ ​និង​ចែករំលែក​​បន្ត​​អំពី​​ល្បែងស៊ីសង​ខុសច្បាប់​​ទាំងនេះ ក៏​មាន​ការ​ចូលរួម​​ពីបុគ្គល​​មាន​ប្រជាប្រិយ​ភាព​ និង​អ្នក​ផលិត​​មាតិកា​​សង្គម​​មួយចំនួន​​ផងដែរ ដែល​ជា​​ហេតុ​​ធ្វើឱ្យ​សាធារណ​ជន​មាន​ការ​ភាន់​ច្រឡំ ហើយបន្ត​​ចែកចាយ​​រូបភាព វីដេអូ និង មាតិកា​​ទាំង​នោះ ធ្វើឱ្យ​​ប៉ះពាល់​​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​​សាធារណៈ និង សុវត្ថិភាព​សង្គម។

ដើម្បី​ពង្រឹង​​ការ​អនុវត្ត​​ច្បាប់​ និង​ធានា​​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​​សាធារណៈ និង សុវត្ថិភាព​​សង្គម ក្រសួង​​មហាផ្ទៃ​​បាន​ធ្វើ​ការ​ណែនាំ​ចំនួន ៥ ចំណុច​​ដូចខាង​ក្រោម៖

១. ត្រូវ​បញ្ឈប់​​ជា​បន្ទាន់​​នូវរាល់​ការ​​ផលិត​​រូបភាព វីដេអូ និង មាតិកា ដែល​មាន​ខ្លឹម​សារ​​ពាក់ព័ន្ធ​​នឹង ល្បែង​ស៊ីសង​ខុស​ច្បាប់​​គ្រប់​ប្រភេទ​ ទោះ​ល្បែងស៊ីសង​​លេង​ដោយ​ផ្ទាល់​​ឬ​តាម​​ប្រព័ន្ធ​​អនឡាញ​ក្តី។

២. ត្រូវ​បញ្ឈប់​​ជា​បន្ទាន់​​នូវរាល់ការ​​បង្កើត​​គេហទំព័រ គណនី ឬ ទំព័រ​​ក្នុង​បណ្តាញ​​ទំនាក់​​ទំនង​​សង្គម ដែល​មាន​​រូបភាព​ និង​ខ្លឹមសារ​​ពាក់ព័ន្ធ​​ល្បែងស៊ីសង​​ខុសច្បាប់​​គ្រប់ប្រភេទ ទោះ​ល្បែង​ស៊ីសង​​លេង ដោយផ្ទាល់​​ឬតាម​​ប្រព័ន្ធ​​អនឡាញ​​ក្តី។

៣. ត្រូវបញ្ឈប់​​ជា​បន្ទាន់​​នូវ​រាល់​ការ​ផ្សព្វ​ផ្សាយ ​និង/​ឬ​ចែក​រំលែក​​បន្ត​​អំពី​​រូបភាព និង​ខ្លឹម​សារ​​ពាក់​ព័ន្ធ​ នឹង​ល្បែង​ស៊ីសង​​ខុសច្បាប់​​គ្រប់​ប្រភេទ។

៤. គណៈ​បញ្ជាការ​​ឯកភាព​​រដ្ឋបាល​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់​​វិធាន​ការ​​តឹងរ៉ឹង​​តាមដែន ​សមត្ថកិច្ច​​របស់​​ខ្លួន ​ក្នុង​ការ​​តាមដាន ​និង​ហាម​ឃាត់​​ការផ្សព្វផ្សាយ និង​ការ​ចែករំលែក​​បន្ត​នូវ​​រូបភាព​ និងខ្លឹមសារ​​ពាក់ព័ន្ធ​​ល្បែងស៊ីសង​​ខុសច្បាប់​​គ្រប់​ប្រភេទ។

៥. រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​ ត្រូវ​ជំរុញ​​ការ​អប់រំ​​ផ្សព្វផ្សាយ​​ដល់​ប្រជាពល​រដ្ឋ ​ឱ្យ​យល់​ដឹង​​អំពី​​ផល​ប៉ះពាល់​នៃ​ការលេង​​ល្បែងស៊ីសង​ខុសច្បាប់​​គ្រប់​ប្រភេទ ដើម្បី​​ចូលរួម​​ទប់ស្កាត់​​ការលេង​ល្បែងស៊ី​សង​ ខុសច្បាប់ ដែលជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​​គោលនយោបាយ​ “ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព” របស់​រាជរដ្ឋាភិបាល។

សារាចរ​នេះបាន​​សង្កត់​ធ្ងន់​ថា ក្រសួង​​មហាផ្ទៃ​​នឹង​ចាត់​​វិធានការ​​តាមផ្លូវច្បាប់​​ចំពោះ​​បុគ្គល​ណា ​​ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​​សកម្មភាព​​ខុសច្បាប់​​ ដូចបាន​ណែនាំ​ខាងលើ។

ដោយឡែក បន្ទាប់​ពី​ក្រសួង​​មហាផ្ទៃ​​បានចេញ​សារាចរ​​ណែនាំ​​ខាងលើ អគ្គស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​​កម្ពុជា ​បាន​ប្រកាស​​ទុក​ពេល​​​ត្រឹម​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បី​​ឱ្យ​អ្នក​ប្រើប្រាស់​​បណ្តាញ​​ទំនាក់​ទំនង​​សង្គម ប្រព័ន្ធ​​ផ្សព្វផ្សាយ អ្នក​ផលិត​​មាតិកា​​សង្គម ក៏ដូច​ជា​​បុគ្គល​​មាន​ប្រជាប្រិយភាព​​មួយ​ចំនួន លុបចោល​​ព័ត៌មាន​​ឬ​ខ្លឹមសារ​​ល្បែងស៊ីសង​​ខុសច្បាប់​​ទាំងអស់​​ចេញពី​​បណ្តាញ​​ទំនាក់​​ទំនង​​សង្គម ទោះ​ល្បែងស៊ីសង​​នោះលេងដោយ​ផ្ទាល់​​ឬតាម​ប្រព័ន្ធ​អនឡាញក្តី បើមិនដូច្នោះទេ នឹងចាត់​វិធានការ​តាមផ្លូវច្បាប់៕

你可能还喜欢

评论被关闭。