លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងក្រុមហ៊ុនចិនចំនួន ៧
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ទូ ស៊ី (Du Xu) នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃគណៈប្រតិភូ ដែលមានសមាសភាពពីក្រុមហ៊ុនចំនួន ៦ ផ្សេងទៀត។
ក្នុងឱកាសនៃជំនួបនេះ លោក ទូ ស៊ី បានឱ្យដឹងថា ការណ៍ដែលគណៈប្រតិភូក្រុមហ៊ុនមកបំពេញទស្សនកិច្ចលើកនេះ គឺក្នុងគោលបំណងស្វែងយល់បន្ថែមទៀត អំពីបរិយាកាសនិងសក្តានុពលវិនិយោគនៅកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ក្រុមហ៊ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ទូ ស៊ី ក៏បានសម្ដែងការអបអរសាទរ ចំពោះលទ្ធផលដ៏មានផ្លែផ្កានៃដំណើរទស្សនកិច្ចមិត្តភាព និងផ្លូវការរបស់គណៈប្រតិភូកម្ពុជា ដែលមានលោក ស៊ុន ចាន់ថុល អមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល បានលើកបង្ហាញអំពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុងត្រូវបានយកចិត្តទុកដាក់ និងមានតួនាទីសំខាន់សម្រាប់គាំទ្រសកម្មភាពវិនិយោគរបស់វិនិយោគិន។ ជាក់ស្ដែង ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក មានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអាទិភាពមួយដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ក្រឡានៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។
លោកបានបន្ថែមថា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យា cdcIPM សម្រាប់ការចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រព័ន្ធនេះ ត្រូវបានអភិវឌ្ឍឡើង ស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់លទ្ធភាពជូនវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដោយផ្ទាល់ផងដែរ៕
评论被关闭。