សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមជូនលោក សនសៃ ស៊ីផាន់ដន អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ដោយសម្តេចបានបញ្ជាក់ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពី CLV-DTA ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបី កម្ពុជា ឡាវ និង វៀតណាមនោះទេ យើងនឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការ ដែលមានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។
លោក សនសៃ ស៊ីផាន់ដន បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីឡាវ និងកម្ពុជាបានស្តាប់ទស្សនៈគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ លោកក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះបន្តទៅមុខ ដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នាប្រកបដោយការអភិវឌ្ឍ។ លោកក៏បានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កានៃសាមគ្គីភាពឡាវ-កម្ពុជា បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពី CLV-DTA ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនលោកផ្ទាល់ លោកបានសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃផលលំបាករបស់កម្ពុជា ដោយលោកបានបញ្ជាក់ថា លោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នាឱកាសនោះ លោក សនសៃ ស៊ីផាន់ដន ក៏បានពាំនាំការសួរសុខទុក្ខ សេចក្តីនឹករលឹក និង ការអញ្ជើញរបស់លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវជូនសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របខាងមុខ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក សនសៃ ស៊ីផាន់ដន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក និងបានទទួលយកការអញ្ជើញរបស់លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក្នុងការទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលវេលាសមស្របណាមួយនាពេលខាងមុខ។
នៅព្រឹកថ្ងៃដដែលនេះផងដែរ លោក សនសៃ ស៊ីផាន់ដន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងឡាវ ដោយធានាការពារបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយបរិយាបន្នជូនប្រជាពលរដ្ឋ៕
评论被关闭。