CDC អនុម័តគម្រោងវិនិយោគចំនួន ៤៣ ជាមួយទុនជាង ៩០០ លានដុល្លារក្នុងខែវិច្ឆិកា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤០ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៩៤០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ ៣,៩ ម៉ឺនកន្លែង។
យោងតាមរបាយការណ៍របស់ CDC បង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១ គម្រោង។
វិស័យចំនួន ៣ ទទួលបានទុនវិនិយោគច្រើនជាងគេ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ទទួលបានទុនវិនិយោគចំនួន ៤៨០ លានដុល្លារ វិស័យឧស្សាហកម្មទទួលបានទុនវិនិយោគចំនួន ៣៨៩ ៦៥២ ២៤៥ ដុល្លារ និង វិស័យទេសចរណ៍ទទួលបានទុនវិនិយោគចំនួន ៧០ លានដុល្លារ។
សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រទេសវៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨% នៃទុនវិនិយោគសរុប ចិនលេខ២ (២៤,២៦%) កម្ពុជាលេខ៣ (១៤,៤៩%) សិង្ហបុរីលេខ៤ (៣,៥%) ថៃលេខ៥ (២,៨២%) កាណាដាលេខ៦ (១,២៧%) អង់គ្លេសលេខ៧ (០,៧១%) សហរដ្ឋអាម៉េរិកលេខ៨ (០,៦៦%) កោះ Samoa លេខ៩ (០,៦៤%) និង ប្រទេសមីយ៉ាន់ម៉ាលេខ១០ (០,៥៧%)។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ CDC បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះកំណើនវិនិយោគអន្តរជាតិនៅកម្ពុជានឹងមានការកើនឡើងនៅឆ្នាំ២០២៥ ខណៈមានក្រុមហ៊ុនមួយចំនួននៅប្រទេសចិននិងប្រទេសផ្សេងទៀតចង់រើទីតាំងមកកម្ពុជា។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៣៧៩ គម្រោងត្រូវបានអនុម័តដោយ CDC ជាមួយទុនវិនិយោគសរុបជាង ៦ ប៊ីលានដុល្លារ។ កម្ពុជារំពឹងថា គម្រោងវិនិយោគចំនួន ៤០០ គម្រោងនឹងត្រូវបានអនុម័តដោយ CDC នៅក្នុងឆ្នាំ២០២៤នេះ៕
评论被关闭。