លោកស្រី ជា សិរី ចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិននៅសាធារណរដ្ឋកូរ៉េ

ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានចូលរួម​ជាវាគ្មិន​ក្នុង​សន្និសីទ​ថ្នាក់ទេសាភិបាល​ធនាគារ​កណ្តាល ​នៃបណ្តា​ប្រទេស​ជាសមាជិក​មជ្ឈមណ្ឌល​ស៊ាសិន (SEACEN​ Centre) ​លើកទី៦០ នៅទីក្រុង​សេអ៊ូល សាធារណរដ្ឋកូរ៉េ។

នៅក្នុង​សន្និសីទ​នេះ លោកស្រី ជា សិរី បានលើកឡើង​ពីសម្ពាធ​លើឯករាជ្យភាព​របស់​ធនាគារ​កណ្តាល ក្នុងការ​អនុវត្ត ​និងដឹកនាំ​នយោបាយ​រូបិយវត្ថុ ជាពិសេស​ធនាគារ​កណ្តាល​នៃប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយសម្ពាធ​នេះបានកើតឡើង​មកពី​មុខព្រួញ​ចំនួនពីរ៖

មុខព្រួញ​ទី១ គឺការទប់ស្កាត់​ការកើនឡើង​នៃអតិផរណា​ដ៏ខ្ពស់ ដែលកើតឡើង​ដោយសារ​កត្តា​អាក់ខាន​ក្នុងការ​ផ្គត់ផ្គង់​ក្នុងបរិការណ៍​នៃសង្រ្គាម ​និងជម្លោះ​ភូមិសាស្រ្ត​នយោបាយ។ ក្នុងមុខព្រួញ​នេះ ធនាគារ​កណ្តាល​ភាគច្រើន ​ត្រូវបង្ខំចិត្ត​ដំឡើង​អត្រា​ការប្រាក់ ដើម្បី​កាត់បន្ថយ​សម្ពាធ​អតិផរណា។ ជាផលវិបាក វិធានការ​នេះបាន​ដាក់សម្ពាធ​បន្ថែម​លើកំណើន​សេដ្ឋកិច្ច​ដែល​កំពុងតែ​មានល្បឿន​យឺតស្រាប់។

មុខព្រួញ​ទី២ គឺធនាគារ​កណ្តាល​ក្នុងប្រទេស​កំពុង​លូតលាស់ ​និងកំពុង​អភិវឌ្ឍន៍ ត្រូវបង្ខំចិត្ត​កែសម្រួល​នយោបាយ​រូបិយវត្ថុ ជាពិសេស​អត្រា​ការប្រាក់​គោល ឱ្យស្របតាម​ជំហរ​នយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន ដូចជា​សហរដ្ឋអាម៉េរិក ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ បើទោះបីជា​អតិផរណា​នៅប្រទេស​ទាំងនោះ​ស្ថិតនៅ​កម្រិត​ទាបក្តី។ វិធានការ​សម្រួល​នយោបាយ​រូបិយវត្ថុ​នេះ នឹង​ដាក់សម្ពាធ​លើកិច្ច​ខំប្រឹងប្រែង​ដើម្បី​ជំរុញ​កំណើន។

ទន្ទឹមនឹងនេះ លោកស្រី ជា​សិរី ក៏បាន​លើកឡើង​ពីអនុសាសន៍​ជាគោលនយោបាយ សម្រាប់​ជំរុញ​កំណើន​ក្នុងស្ថានភាព​មិនច្បាស់លាស់​នៃសេដ្ឋកិច្ច​ពិភពលោក​នាពេល​បច្ចុប្បន្ន តាមរយៈ​ការលើកកម្ពស់​ផលិតភាព ជាពិសេស​ការចាប់យក​បច្ចេកវិទ្យា ​និងនវានុវត្តន៍ ដូចជា​បញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​បៃតង​ជាដើម។

សន្និសីទ​ថ្នាក់ទេសាភិបាល​ធនាគារ​កណ្តាល​នៃបណ្តា​ប្រទេស​ជាសមាជិក​មជ្ឈមណ្ឌល​ស៊ាសិន​លើកទី៦០ ​ឆ្នាំ២០២៤នេះ ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ ដែលកើតឡើង​ជុំវិញ​ពិភពលោក។ សម្រាប់​ឆ្នាំ២០២៤នេះ អង្គសន្និសីទ​បានពិភាក្សា​អំពី​ជោគវាសនា​នៃសេដ្ឋកិច្ច​ និងទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុងឆ្នាំ២០២៥​ ខាងមុខ ក៏ដូចជា​ផលប៉ះពាល់​នៃការបែងចែក​សេដ្ឋកិច្ច​នៃប្រទេស​ក្នុងតំបន់​អាស៊ី ​ទៅជា​តំបន់​សេដ្ឋកិច្ច​តាមសក្តានុពល​ផ្សេងៗ​គ្នា៕

你可能还喜欢

评论被关闭。