ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធ ប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី និងពិធីអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា និងពិធីខួបឆ្នាំទី៣៣ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នៅក្នុងបរិវេណវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាងនាមព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា ប៉ុស្ដិ៍សុខភាពនេះគឺសម្រាប់ប្រើប្រាស់ទូទៅដល់សាមណេរនិស្សិត-និស្សិតនៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ដោយព្យាបាលដោយមិនគិតថ្លៃ។
ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
评论被关闭。