លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្វើជាអធិបតីសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី២របស់ TYDA
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី២ ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឈានមុខ» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល TYDA។
សន្និសីទវេជ្ជសាស្រ្តនេះមានរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគម ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកជំទាវបន្ថែមថា តាំងពីត្រូវបានបង្កើតមក TYDA បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុងនោះបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិ ក្នុងការពង្រីកនិងបង្ខិតសេវាព្យាបាល ឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។
លោកជំទាវបន្តថា TYDA គឺជាតួអង្គពិសេស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ-១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ បន្ថែមលើនេះ TYDA ក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើន ក្នុងវិស័យសុខាភិបាល ដែលជាការគួរកត់សម្គាល់។
TYDA បានបង្កើតឡើងនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក្នុងគោលបំណងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ TYDA មានអាយុ ១២ ឆ្នាំហើយ បច្ចុប្បន្ននេះ TYDA មានសមាជិកចំនួន ១០ ២៥០ នាក់ ដែលសុទ្ធសឹងជាបញ្ញវន្តក្នុងវិស័យសុខាភិបាល៕
评论被关闭。