កម្ពុជា-ម៉ាឡេស៊ីនៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើនក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និង ប៉ាស៊ីហ្វិក (RISEAP) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក Tan Sri Abang Zohari Tun Openg បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា ដែលរដ្ឋ Sarawak អាចដើរតួនាទីនៅក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពជាមួយនឹងការលើកឡើងរបស់លោក Tan Sri Abang Zohari Tun Openg ដែលថាកម្ពុជានិងម៉ាឡេស៊ីនៅមានកាលានុវត្តភាពជាច្រើនបន្ថែមទៀត នៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ។
ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Tan Sri Abang Zohari Tun Openg បានពិភាក្សាគ្នា អំពីការបន្តជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសរវាងកម្ពុជានិងរដ្ឋ Sarawak លើវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ ទេសចរណ៍ ថាមពលកកើតឡើងញ និង លទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
评论被关闭。