សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ ៤ ប្រទេស
ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគី និង អេមីរ៉ាតអារ៉ាប់រួម។
យោងតាមសេចក្តីប្រកាសជូនដំណឹងបានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយលោកបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។
បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភាកាតា និងជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា។
រីឯនៅប្រទេសតួកគី សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយលោក សាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគី និងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគី។ សម្តេចតេជោក៏នឹងចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីផងដែរ។
ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃអាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជាជាមួយស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និង ដើម្បីសន្តិភាព ស្ថិរភាព និង សន្តិសុខក្នុងតំបន់និងពិភពលោក៕
评论被关闭。