ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលឆ្លើយតប នឹងសកលភាវូបនីយកម្មនិងបច្ចេកវិទ្យាឌីជីថល

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួង​​សាធារណ​ការ​​ និង​ដឹក​ជញ្ជូន​​កម្ពុជា បានធ្វើ​​ពិធី​​បើក​​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី “​បច្ចេក​ទេស​​ក្នុង​ការ​​ប្រើប្រាស់​​ប្រព័ន្ធ​​បណ្តាញ​​ផ្សព្វផ្សាយ​​សង្គម​ ​ក្នុង​​វិស័យ​​សាធារណ​ការ​​ និង​​ដឹក​ជញ្ជូន” ក្រោម​អធិបតីភាព​​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​​ក្រសួង​​សាធារណការ​​ និង​ដឹក​ជញ្ជូន។

កម្មវិធី​បើកវគ្គ​​បណ្តុះ​បណ្តាល​​នេះ មានការ​​ចូលរួម​​ពី​ថ្នាក់​ដឹកនាំ​​ក្រសួង មន្ត្រី​​ថា្នក់​ជាតិ និង ក្រោមជាតិ​​របស់​​ក្រសួង​ និង​មន្ទីរ​​សាធារណ​ការ ​និងដឹកជញ្ជូន រាជធានី-​ខេត្ត ជាច្រើនរូប។

ថ្លែងក្នុង​​ពិធី​​បើក​​វគ្គ​បណ្តុះបណ្តាល​​នេះ លោក ប៉េង ពោធិ៍នា បាន​មាន​​ប្រសាសន៍​​ថា នេះ​គឺជា​​វគ្គបណ្តុះ​បណ្តាល​​កម្រិត២ ដែល​មាន​​គោល​បំណង​​ជា​ចម្បង​ ​ក្នុងការ​​បញ្ជ្រាប​​ការយល់​ដឹង និងបង្កើន​​សមត្ថភាព​​បន្ថែម​លើ​បច្ចេកទេស ​និង​គន្លឹះ​​ថ្មី​សំខាន់ៗ​ ក្នុង​ការ​​ប្រើប្រាស់​​ប្រព័ន្ធ​​បណ្តាញ​​ផ្សព្វផ្សាយ​​សង្គម​​នៅ​ក្នុង​​វិស័យ​​សាធារណការ​ និង​ដឹកជញ្ជូន តាម​រយៈ​​ពង្រឹង​ការផ្សព្វផ្សាយ​​ ឱ្យមាន​​ប្រសិទ្ធ​ភាព​​នៅ​លើ​បណ្តាញ​សង្គម តាម​រយៈ​បច្ចេក​ទេស​​នៃ​ការ​សរសេរ​​អត្ថបទ ការ​ប្រើប្រាស់​​រូបភាព ការ​ចុះផ្សាយ និង វិធាន​ការ​​សុវត្ថិភាព​​បច្ចេក​វិទ្យា ដើម្បី​ឆ្លើយតប​ទៅ នឹង​ការ​វិវឌ្ឍ​​នៃ​សកល​ភាវូប​នីយកម្ម និង​ការ​ប្រើប្រាស់​​បច្ចេក​វិទ្យា​​ឌីជីថល​​នៅ​ក្នុង​​សង្គម​ជូន​ដល់​​មន្រ្តី​​បង្គោល​​របស់​​ក្រសួង​ ដែល​ទទួល​​បន្ទុក​​លើការងារ​​គ្រប់គ្រង​​ការ​ផ្សព្វផ្សាយ​​នៅតាម​​បណ្តា​​អង្គភាព​ថ្នាក់ជាតិ ​និង​មន្ទីរ​​សាធារណការ​ និង​ដឹក​ជញ្ជូន ទូទាំង ២៥ រាធានី-ខេត្ត។

ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​បាន​ឱ្យដឹង​ថា នេះ​គឺជា​​វគ្គបណ្តុះ​បណ្តាល​លើកទី២​ ​របស់​​ក្រសួង ទៅ​ដល់​​ជន​បង្គោល​​ទទួល​​បន្ទុក​​ទំនាក់​​ទំនង​​សាធារណៈ ដែលវគ្គទី១​ បានរៀប​ចំ​​ឡើង​កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កន្លង​ទៅ។

មន្ត្រី​ទទួលបន្ទុក​ទំនាក់​​ទំនង​សាធារណៈ​នៅ​ក្រសួង ស្ថាប័នរដ្ឋ ត្រូវ​បាន​​ចាត់ទុក​ថា​ ជា​តួអង្គ​ដ៏​សំខាន​​ដែល​ពុំអាច​​ខ្វះបាន ក្នុង​ការផ្សព្វផ្សាយ​​ព័ត៌មាន​​​ពាក់ព័ន្ធ នឹង​សាមី​​ក្រសួង ដើម្បី​​ឱ្យប្រជា​ពលរដ្ឋ​ និង​មហា​ជន​ទូទៅ​​បាន​ជ្រាប​ច្បាស់​​អំពី​​សកម្មភាព ដំណើរ​ការ និង វឌ្ឍន​ភាព​​របស់​​ក្រសួង ជា​ពិសេស​​ផ្សព្វផ្សាយ​​អំពី​​គោល​នយោបាយ​​របស់​​រាជរដ្ឋាភិ​បាល​​កម្ពុជា ក៏ដូចជា​​ការ​អភិវឌ្ឍ​​នៃ​វិស័យ​​នីមួយៗ។ ទន្ទឹម​នឹងនេះ ការ​ផ្សព្វផ្សាយ​ព័ត៌​មាន​​ជាក់លាក់​​ច្បាស់​ការ​​របស់​​មន្ត្រី​​ទំនាក់​​ទំនង​​សាធារណៈ ក៏​ជួយ​ឱ្យ​​សាធារណ​ជន​​ទូទៅ​​ជៀសផុត​​ពី​ការ​ភាន់​ច្រឡំ​​លើបញ្ហា​​អ្វី​មួយ​​ដោយ​សារ​តែ​ព័ត៌មាន​​ឬ​ដំណឹង​​ក្លែងក្លាយ ដែល​កំពុង​​តែមាន​ការ​​វិវឌ្ឍន៍​យ៉ាងលឿន​និង​ស្មុគស្មាញ​​នាពេល​​បច្ចុប្បន្ន​​នេះ៕

你可能还喜欢

评论被关闭。