សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយប្រធានសភាអារ៉ាប៊ីសាអូឌីត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាជាមួយលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។
ក្នុងឱកាសនៃជំនួបនេះ លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចតេជោ មានប្រសាសន៍ថា ទស្សនកិច្ចពេលនេះ នឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីតបន្ថែមទៀត ជាពិសេសជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និង កីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចតេជោបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការស្នូល តាមរយៈជំរុញវិនិយោគិនរបស់ខ្លួនមកបណ្តាក់ទុនវិនិយោគ រៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និង វេចខ្ចប់នៅកម្ពុជា សម្រាប់នាំយកអង្ករកម្ពុជាទៅកាន់អារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ គួបផ្សំនឹងអារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល ខណៈកម្ពុជាមានសន្តិសុខស្បៀង ដូច្នេះប្រទេសទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។
ជាកិច្ចឆ្លើយតប លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ បានចាត់ទុកការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ពិតជាមានសារៈសំខាន់ណាស់ ហើយលោកនឹងធ្វើការពិចារណាដោយយកចិត្តទុកដាក់បំផុត។
លោកបានលើកឡើងថា អារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា អារ៉ាប៊ីសាអូឌីតយកចិត្តទុកដាក់ខ្លាំង លើការលើកកម្ពស់សេដ្ឋកិច្ច និងសាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសវិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតតាមរយៈការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ក៏បានបន្ថែមថា នៅក្នុងរដ្ឋសភារបស់អារ៉ាប៊ីសាអូឌីត មានគណៈកម្មការទទួលបន្ទុកជាមួយនឹងកម្ពុជា ប៉ុន្តែទំនាក់ទំនងមិនទាន់ស៊ីជម្រៅនៅឡើយ ដូច្នេះគណៈកម្មការទាំងសងខាង ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យបានច្រើននៅពេលអនាគត។
លោកក៏បានសម្តែងនូវក្តីរីករាយ ក្នុងការទទួលយកការអញ្ជើញ របស់សម្តេចតេជោក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានាពេលសមស្របខាងមុខ។
ក្នុងជំនួបនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និងលោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ក៏បានផ្លាស់ប្តូរយោបល់គ្នា លើស្ថានការណ៍តំបន់ និងអន្តរជាតិផងដែរ៕
评论被关闭。