លោក ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយក្រុមហ៊ុនខ្មែរ-អាម៉េរិក វិនិយោគលើការនាំចេញកន្ទក់ពីកម្ពុជាទៅអាម៉េរិក
នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុនខ្មែរ-អាម៉េរិកចំនួន២ ដែលបានចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិក។
ក្រុមហ៊ុនដែលវិនិយោគរួមគ្នា លើការកែច្នៃ និងនាំចេញកន្ទក់របស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិក រួមមានក្រុមហ៊ុន Amru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយប្រធានក្រុមហ៊ុន លោក Michael A. Tarrasch។ ក្រុមហ៊ុនទាំងពីរនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល នាអំឡុងដំណើរទស្សនកិច្ចរបស់លោក ដើម្បីទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិក កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។
ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជនសហរដ្ឋអាម៉េរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុត លើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់កម្ពុជា ឱ្យស្របតាមស្តង់ដាគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
នៅក្នុងជំនួបនេះ ក្រុមហ៊ុនទាំងពីរ ក៏បានរាយការណ៍អំពីផែនការវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅកម្ពុជាផងដែរ។
លោក ស៊ុន ចាន់ថុល បានជម្រាបជូន អំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។ លោកបានជូនពរ ឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាពជោគជ័យ ក្នុងកិច្ចការវិនិយោគរបស់ខ្លួនលើការកែច្នៃ និងនាំចេញកន្ទក់ពីកម្ពុជា៕
评论被关闭。