ទេសាភិបាលធនាគារជាតិកម្ពុជា ជា សិរី ជួបពិភាក្សាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន
នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងគណៈប្រតិភូ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
លោកស្រី ជា សិរី បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជាជាមួយធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចិន និង ក្រុមហ៊ុនចិនមួយចំនួន។
លោកស្រីបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេសប្រតិបត្តិការទូទាត់ផ្ទាល់ ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ។ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូសព្ទដៃ ក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។
នាឱកាសនោះដែរ លោកស្រី ជា សិរី បានស្នើសុំការគាំទ្រពីភាគីចិន ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និង ទេសចរចិនផងដែរ។
លោក វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងចិន និងកម្ពុជា។
លោកបានគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
លោកស្រី ជា សិរី និងលោក វ៉ាង វិនពីន បានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្ម និងវិស័យផ្សេងទៀតឱ្យកាន់តែរីកចម្រើន៕
评论被关闭。