សមាគមសណ្ឋាគារនិងសមាគមស្វាយចន្ទី រួមគ្នាជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ សមាគមសណ្ឋាគារកម្ពុជា ជាមួយសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា” នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
អនុស្សរណៈនៃការយោគយល់គ្នាមានចំនួន២ មួយគឺរវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងមួយទៀតគឺរវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និង ការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។
យោងតាមស្មារតីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ សមាគមសណ្ឋាគារកម្ពុជា នឹងធ្វើការបញ្ជាទិញស្វាយចន្ទីក្នុងរយៈពេល ៣ ឆ្នាំ ដោយក្នុងមួយឆ្នាំៗមានតម្រូវការ ២៥០ តោន ក្នុងនោះ ២១០ តោនសម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និង ភេសជ្ជៈ និង ៤០ តោន (ស្មើ៤០០ ០០០កញ្ចប់) ដែលជាផលិតផលស្វាយចន្ទីវេចខ្ចប់សម្រាប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ៕
评论被关闭。