មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបើកការដ្ឋានសាងសង់ជាផ្លូវការ
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ គម្រោងមន្ទីរពេទ្យសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលទីតាំងទី៣ បានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គម្រោងមន្ទីរពេទ្យសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទីតាំងទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា គម្រោងនេះសាងសង់លើផ្ទៃដី ២២ ២៤៣ ម៉ែត្រក្រឡា ទំហំអគារមន្ទីរពេទ្យ ៤ ៨៩១ ម៉ែត្រក្រឡា ដែលមានបណ្តោយ ៨៣,៨០ ម៉ែត្រ ទទឹង ៥៩,៨០ ម៉ែត្រ និង កម្ពស់ ៤០,៨០ ម៉ែត អគារនេះមាន ៨ ជាន់ (រាប់ទាំងជាន់ក្រោមដី)។ គម្រោងមន្ទីរពេទ្យនេះ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ នូវទឹកប្រាក់ឥណទានចំនួន ៦៦,៥៧ លានដុល្លាអាម៉េរិក។ រយៈពេលសាងសង់ចំនួន ២៨ ខែ ដែលគ្រោង នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៧។
លោកបន្ថែមថា មន្ទីរពេទ្យនេះ នឹងរចនាឡើងតាមស្ដង់ដាអន្ដរជាតិ ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀត នៅក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនេះ នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែប្រសើរឡើង។
លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា សង្ឃឹមថាមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេនៅកម្ពុជា ដែលបណ្ដុះបណ្ដាលគ្រូពេទ្យឱ្យមានសមត្ថភាព គុណភាព និង ផ្ដល់សេវាព្យាបាលស្របតាមស្ដង់ដាខ្ពស់។
លោកជឿជាក់ថា តាមរយៈគម្រោងសាង់សង់មន្ទីរពេទ្យសាកលវិទ្យាល័យនេះ នឹងក្លាយជាឱកាសមួយ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា មន្ទីរពេទ្យនេះ មិនត្រឹមជួយព្យាបាលសុខភាពពលរដ្ឋកម្ពុជាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាទីតាំងក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល តាមវិធីសាស្ត្ររៀន និងការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញនិងនវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលនៅឆ្នាំ២០៣៥៕
评论被关闭。