ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ ៧,២ លានដុល្លារ ដើម្បីជួយអភិវឌ្ឍសង្គម-​សេដ្ឋកិច្ច​កម្ពុជា

កាលពី​ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឧបនា​យក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ និងលោក UENO Atsushi ឯកអគ្គ​រាជទូត​​ជប៉ុន​​ប្រចាំ​​កម្ពុជា បាន​ចុះ​​ហត្ថលេខា​​លើលិខិត​ប្តូរសារ ​និង​ឯកសារ​​ពាក់ព័ន្ធ​​មួយចំនួន។ ជប៉ុន​​នឹង​ផ្ដល់​​ហិរញ្ញប្ប​ទាន​ឥត​សំណង​ក្នុង​ទំហំ​​ទឹក​ប្រាក់ ១០០១ លានយ៉េន (ប្រមាណ ៧,២ លាន​​ដុល្លារ​​អាម៉េរិក)  ដើម្បី​​ជួយ​អភិវឌ្ឍ​​សង្គម-​សេដ្ឋកិច្ច​កម្ពុជា។

ហិរញ្ញប្បទាន​ឥត​សំណង​​នេះ មាន​គោល​បំណង​​អនុវត្ត​​កម្ម​វិធី​​អភិវឌ្ឍ​​សេដ្ឋ​កិច្ច-​សង្គម និងឆ្លុះ​បញ្ចាំង​​ពីការ​​ប្តេជ្ញាចិត្ត​​ឥត​ងាក​រេ​រ​បស់​​ជប៉ុន ក្នុង​ការ​​គាំទ្រ​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​​របស់​​រាជរដ្ឋា​ភិបាល​​កម្ពុជា ដើម្បី​​លើក​កម្ពស់​​ការ​អភិវឌ្ឍ​​សង្គម-​សេដ្ឋកិច្ច។

ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​​អន្តរ​ជាតិ​​កម្ពុជាបាន​ចាត់​ទុក​ថា ជំនួយ​​នេះ​ក៏​នឹង​​រួម​ចំណែក​​ក្នុង​ការ​​ពង្រឹង ​និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​​បន្ថែម​ទៀត​​នូវ​ភាព​ជា​​ដៃគូ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុង​ជ្រោយ ​រវាង​​ប្រទេស​​ទាំង​ពីរ កម្ពុជា-ជប៉ុន។

កាលពី​ខែតុលា ឆ្នាំ២០២៣ ជប៉ុន​​បាន​ផ្ដល់​​ហិរញ្ញប្ប​ទាន​ឥត​សំណង​​របស់​​រដ្ឋាភិបាល​​ជប៉ុន ដែលមាន​​ទឹកប្រាក់​​ចំនួន ១៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លាន​​ដុល្លារ​អាម៉េរិក) ដើម្បី​​អនុវត្ត​​គម្រោង​​សម្រាប់​​ការ​កសាង​​បណ្តាញ​​ស្ថានីយ​វាស់វែង​​អចិន្ត្រៃយ៍​​ដោយ​ផ្កាយ​រណប​​ទូទាំង​​ប្រទេស (ដើម្បី​​ពន្លឿន​​ការ​អង្កេត​វាស់វែង​​សុរិយោដី ​និង​ពង្រឹង​​សេវា​​រដ្ឋបាល​​ពាក់ព័ន្ធ ​នឹង​ការ​​ចុះ​បញ្ជី​​ដីធ្លី)។ ដោយឡែក កាលពី​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២៤ រដ្ឋាភិបាល​​ជប៉ុន​​ក៏​បាន​​ផ្ដល់ឥណទាន​​សម្បទាន​​ប្រមាណ ១៥៤ លានដុល្លារ​​ សម្រាប់​​​អនុវត្ត​​​គម្រោង​​​អភិ​វឌ្ឍ​​​មន្ទីរ​​ពេទ្យ​​​ក្នុង​តំបន់។

សូមរម្លឹកថា ថ្នាក់ដឹកនាំ​​កម្ពុជា​ និង​​ជប៉ុន​​បាន​​ព្រមព្រៀងគ្នា​​ដំឡើង​​ភាព​ជា​​ដៃគូ​​ទៅជា ​«ដៃគូ​យុទ្ធ​សាស្ត្រ​​គ្រប់​ជ្រុងជ្រោយ»។ ក្នុងឱកាស​​នៃ​កិច្ច​ប្រជុំ​​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​​អាស៊ាន-​ជប៉ុន ដើម្បី​​អបអរ​​ខួប ៥០ ឆ្នាំ​​នៃ​មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​​អាស៊ាន-​ជប៉ុន កាល​ពី​ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង​តូក្យូ រដ្ឋម​ន្រ្តី​ការ​បរទេស​​កម្ពុជា-​ជប៉ុន​​បាន​បញ្ជាក់​​នូវ​ការ​ប្តេជ្ញា​ចិត្ត​​ថា បន្ត​​ពង្រឹង ​និង​ពង្រីក​​បន្ថែម​​នូវ​​ទំនាក់​​ទំនង​​ទ្វេភាគី ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​​ពហុវិស័យ​ ​ដែល​កំពុង​​រីក​ចម្រើន ​រវាង​​ប្រទេស​​ទាំង​ពីរ រួមមាន​​វិស័យ​​នយោបាយ សេដ្ឋកិច្ច ហេដ្ឋា​រចនា​សម្ព័ន្ធ ការពារ​ជាតិ ​និង​សន្តិសុខ ការ​បោស​សម្អាត​​មីន ប្រតិបត្តិការ​​រក្សា​​សន្តិ​ភាព ការ​ផ្លាស់​ប្តូរ​រវាង​​ប្រជាជន ​និង​ប្រជាជន ការ​អភិវឌ្ឍ​​ធនធាន​​មនុស្ស ការ​អភិវឌ្ឍ​​ឌីជីថល និង សន្តិសុខ​អ៊ិន​ធឺណិត៕

你可能还喜欢

评论被关闭。

/>