ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៤ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” បានធ្វើពិធីបើកជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងវត្តមានរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
បេសកកម្មចម្បងរបស់ CTE គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។
នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល ផលិតផលរបស់ដៃគូអន្តរជាតិរបស់កម្ពុជាផងដែរ។
ពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើឡើងរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ៕
评论被关闭。