ក្រសួងដែនដីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ ប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បានដាក់​ឱ្យ​​ប្រើប្រាស់​​ជាផ្លូវការ ​នូវ​កិច្ច​សហប្រតិបត្តិការ​​ប្រើប្រាស់​​ប្រព័ន្ធ​​កម្ម​វិធី​​អន្តរ​កម្ម​​ផ្លាស់ប្តូរ​​ទិន្នន័យ​ របស់​​ក្រសួង​​ជាមួយ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី។

ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ​នូវកិច្ច​សហ​ប្រតិបត្តិការ​​ប្រើប្រាស់​​ប្រព័ន្ធ​​កម្មវិធី​​អន្តរកម្ម​​ផ្លាស់ប្តូរ​​ទិន្នន័យ​ របស់​​ក្រសួង​​រៀបចំ​ដែនដី នគ​រូបនីយកម្ម និង សំណង់ ជាមួយ​​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ធ្វើឡើង​​នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថាន​​សិក្សា​បច្ចេក​ទេស​​ធនាគារ ក្រោម​អធិបតីភាព​​របស់​​លោក​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​​ក្រសួង​​រៀបចំ​ដែន​ដី នគរូប​នីយកម្ម និង សំណង់ និងលោកស្រីបណ្ឌិត ជា សិរី ទេសា​ភិបាល​​ធនាគារ​ជាតិ​​នៃកម្ពុជា។

ការផ្តល់​សេវា​ផ្ទៀង​ផ្ទាត់​​អចលន​ទ្រព្យ​ ​ដោយសហការ​​ជា​មួយ​​ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយកម្ម និង សំណង់ នឹង​អនុញ្ញាត​​ឱ្យគ្រឹះ​ស្ថាន​​ធនាគារ ​និង​ហិរញ្ញវត្ថុ​ទាញ​យក​​របាយ​ការណ៍​​អចលន​ទ្រព្យ​ សម្រាប់​​ជា​មូលដ្ឋាន​មួយ ​ក្នុង​ការ​​វិភាគ ​និង​វាយ​តម្លៃ​​មុន​ពេល​​សម្រេច​​ផ្តល់​ឥណទាន​​ដល់​រូបវ័ន្ត​​បុគ្គល​ និងនីតិ​បុគ្គល។ គ្រឹះស្ថាន​​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​​ដែល​មាន​​បំណង​​ស្វែង​រក​ព័ត៌មាន​​អចលនទ្រព្យ អាច​ទទួល​បាន​​របាយ​ការណ៍​​បញ្ជាក់​ភ្លាមៗ ​ពីស្ថាន​ភាព​​អចលន​ទ្រព្យ អំពី​​ម្ចាស់​កម្ម​សិទ្ធិ ប្រវត្តិ​​ជួល​អចលនទ្រព្យ និង ប្រវត្តិជាប់​បន្ទុក​​តាម​ប្រព័ន្ធ​​អនឡាញ ដោយមិន​ចាំបាច់​​ទៅ​ឆែក ​​ឬផ្ទៀងផ្ទាត់​​ព័ត៌មាន​​អចលនទ្រព្យ ​នៅ​មន្ទីរ​ ​ឬក្រសួង​​ដោយផ្ទាល់ឡើយ។

គួររំលេចថា ការ​ផ្តល់​សេវា​​ផ្ទៀងផ្ទាត់​​អចលន​ទ្រព្យ​​នៅ​លើ​​គេហទំព័រ​​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) នេះ គឺជា​​កិច្ច​សហការ​​រវាង​​ក្រសួង​​រៀបចំ​​ដែនដី នគរូបនីយកម្ម និង សំណង់ ធនាគារ​ជាតិ​​នៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី និង ក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក៕

你可能还喜欢

评论被关闭。