លោក ជា វុទ្ធី ជួបពិភាក្សាជាមួយគណៈប្រតិភូវិនិយោគិនចិន-ហុងកុង និងម៉ាកាវ
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ដឹកនាំដោយលោក វ៉ាង ជាអ៊ុយ (Wang Jiawei) អគ្គនាយកក្រុមហ៊ុន Glorank (HK) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួបនេះ លោក វ៉ាង ជាអ៊ុយ បានឱ្យដឹងថា គណៈប្រតិភូមានគោលបំណង ស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យដំឡើងទោចក្រយានយន្ត ដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។
លោក ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានបញ្ជាក់ថា អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគ គម្រោងប្រភេទនេះ ជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។ បន្ថែមលើនេះ លោកក៏បានបរិយាយយ៉ាងក្បោះក្បាយ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្ត សម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្ត ដែលប្រើថាមពលអគ្គិសនី។
លោក វ៉ាង ជាអ៊ុយ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក ជា វុទ្ធី ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ពាក់ព័ន្ធ នឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោក ជា វុទ្ធី បានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារ ដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ លោកបានស្នើឱ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្ម ក្នុងវិស័យផលិតទោចក្រយានយន្ត ដែលប្រើថាមពលអគ្គិសនីនេះ៕
评论被关闭。