សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី ៣២ ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបទី ៣២ ឆ្នាំ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២៤) នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះព្រឹត្តិការណ៍នេះ។
តាមរយៈសំណេររបស់សម្តេចតេជោ នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបានលើកឡើងថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺ សម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្នតំបន់អង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា។
ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាម៉េរិក។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធឡើង នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និង UNESCO ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC Angkor) ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។
តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និង សហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១ គីឡូម៉ែត្រក្រឡា។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត ១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕
评论被关闭。