សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលរួមជាអធិបតីពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត
នារាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” នៅខេត្តកំពត បានប្រារព្ធឡើងជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើង ដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង៤ រួមមានខេត្តព្រះសីហនុ កោះកុង កំពត និង ខេត្តកែប។ គោលបំណងនៃពិធីបុណ្យសមុទ្រគឺ ដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
ការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេសការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍៕
评论被关闭。