សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានរួមចំណែកយ៉ាងធំធេង ក្នុងការរក្សាសន្តិភាពបន្ទាប់ពីចូលជាសមាជិក UN ៦៩ឆ្នាំ
ថ្ងៃនេះគឺជាខួបទី ៦៩ ឆ្នាំ (១៤ ធ្នូ ១៩៥៥ – ១៤ ធ្នូ ២០២៤) ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) ហើយក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានរួមចំណែកយ៉ាងធំធេងក្នុងការចូលរួមកិច្ចការរក្សាសន្តិសុខពិភពលោកជាមួយ UN។
នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។
សម្តេចបានលើកឡើងថា UN គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។
ទន្ទឹមនឹងនេះ សម្តេចក៏បានលើកឡើងអំពីគុណសម្បត្តិរបស់កម្ពុជា ក្នុងបេសកកម្មជាមួយ UN។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះទាំងកងទ័ពជាស្ត្រី និងកងទ័ពជាបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស និង ប្រទេសម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និង កម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឱ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌ UN៕
评论被关闭。