រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល ចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ”
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ “វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ” បានធ្វើពិធីបើកជាផ្លូវការនៅសាលសន្និសីទ ភីអេច ហ្ក្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
“វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ” គឺជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ វេទិកានេះក៏មានការចូលរួមពីលោក Marn-Ki Jeong, ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម នៃសាធារណរដ្ឋកូរ៉េ (KIAF) លោក Roh Keon-ki អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង ថាមពលកូរ៉េ និង លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និង ភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីបើកវេទិកា លោកស្រី ចម និម្មល បានមានប្រសាសន៍ថា “វេទិកាពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-កូរ៉េ” នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី តាមរយៈការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ លើកកម្ពស់សក្តានុពលវិនិយោគរបស់កម្ពុជា និងសម្របសម្រួលកិច្ចសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជន។ វេទិកានេះក៏នឹងបង្ហាញពីឱកាសនៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សម្ភារៈបច្ចេកវិទ្យា និង ពាណិជ្ជកម្មឌីជីថល ដើម្បីលើកកម្ពស់លទ្ធភាពការចូលទៅកាន់ទីផ្សារ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនិងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលវិស័យគន្លឹះទាំងនេះត្រូវបានចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដរដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបរបស់សម្តេចជាមួយនឹង KIAF និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះក៏ផ្តល់ឱកាសដ៏ល្អក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-កូរ៉េ ស្វែងយល់ពីសក្តានុពលពាណិជ្ជកម្មនិងការបណ្តាក់ទុន។
នៅក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនកូរ៉េនិងកម្ពុជា ស្តីពីប្រធានបទពាក់ព័ន្ធជាច្រើន ដូចជាតម្លៃនៃសាជីវកម្មនិងកំណែទម្រង់ថ្នាក់ជាតិ ការលើកទឹកចិត្តផ្នែកកាតព្វកិច្ចពន្ធដារ ការវិនិយោគផ្ទាល់ពីបរទេស កិច្ចសហប្រតិបត្តិការសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកក្នុងវិស័យឧស្សាហកម្ម ការបង្កើតការងារនៅកម្ពុជា ការវិនិយោគនៅកម្ពុជា និង ការផ្តល់សេវាធនាគារឌីជីថលនៅកម្ពុជា៕
评论被关闭。