លោក ម៉ាង ស៊ីណេត៖ ក្រុងព្រះសីហនុបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៤០០ ទីតាំង បង្ក្រាបល្បែងអនឡាញខុសច្បាប់ដោយគ្មានការលើកលែង
លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅក្នុងក្រុងព្រះសីហនុមានកាមេរ៉ាសុវត្ថិភាពចំនួន ៤៣៣ ទីតាំង ត្រូវបានបំពាក់នៅគ្រប់ច្រកល្ហកតាមដងផ្លូវ ដើម្បីគ្រប់គ្រងសន្តិសុខនិងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
លោក ម៉ាង ស៊ីណេត បានថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយក្រុមអ្នកសារព័ត៌មានជាង ៣០ ស្ថាប័នដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងដំណើរទស្សនកិច្ចដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្តឆ្នេរសមុទ្រមួយនេះ ទៅកាន់តំបន់ និងពិភពលោក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
លោកបានឱ្យដឹងទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាពជាច្រើនទីតាំងនេះ ដើម្បីគ្រប់គ្រងហេតុការណ៍ផ្សេងៗ ដែលអាចត្រួតពិនិត្យតាមដានតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពពីមួយកន្លែងទៅមួយកន្លែង ដើម្បីធានាបានសុខសុវត្ថិភាពដល់ពលរដ្ឋ ក៏ដូចជាវិនិយោគិននិងភ្ញៀវទេសចរក្នុងក្រុងព្រះសីហនុ។
លោកបានបន្ថែមទៀតថា ល្បែងអនឡាញខុសច្បាប់គឺជាមុខសញ្ញាសំខាន់មួយដែលយើងត្រូវបង្ក្រាបជាដាច់ខាត។ រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលការណ៍ផ្តល់ការអនុញ្ញាតឱ្យមានការបើកល្បែងអនឡាញខុសច្បាប់នោះទេ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ដោយសហការជាមួយអាជ្ញាធរតាមមូលដ្ឋាន បើមានទីតាំងណាសង្ស័យថាមានការបើកល្បែងអនឡាញខុសច្បាប់ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះស្រាវជ្រាវនិងបង្ក្រាបដោយគ្មានការលើកលែងឡើយ។
លោក ម៉ាង ស៊ីណេត បានឱ្យដឹងទៀតថា គិតត្រឹមបច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុមានទីតាំងបើកល្បែងអនឡាញខុសច្បាប់ចំនួន ៨ ទីតាំងត្រូវបានបង្ក្រាប ហើយមនុស្សពាក់ព័ន្ធរាប់ពាន់នាក់ក៏ត្រូវបានបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញផងដែរ។
ខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចនិងជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលនិងសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពក្នុងតំបន់នេះ គឺជាកិច្ចការសំខាន់និងអាទិភាព ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងទេសចរណ៍សម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ខេត្តព្រះសីហនុផ្ទាល់តែម្តង៕
评论被关闭。