កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦ លាននាក់ និងក្នុងរយៈពេល ១១ ខែឆ្នាំ២០២៤

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានថ្លែង​ឱ្យដឹង​​ក្នុងពិធី​​បុណ្យសមុទ្រ​នៅខេត្តកំពត​ ថាក្នុងរយៈពេល ១១ ខែ​នៃដើមឆ្នាំ២០២៤ កម្ពុជា​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៦ លាន​នាក់ កើនឡើង២២%បើធៀប នឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣ ដែលភាគច្រើន​នៃភ្ញៀវទេចរ​អន្តរជាតិ​នេះ គឺមកពី​បណ្តា​ប្រទេស​ក្នុងតំបន់។

លោក ហួត ហាក់ បានបន្ថែមថា ដោយឡែក​ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២៤នេះ កម្ពុជា​ទទួលបាន​ ភ្ញៀវទេសចរ​ជាតិចំនួន ២០ លាន​នាក់ បានធ្វើដំណើរ​ទូទាំង​ប្រទេស កើនឡើង១៩,៧% បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣ ក្នុងនោះ​តំបន់ឆ្នេរ​មានភ្ញៀវ​ទេសចរជាតិ​ប្រមាណ ៨ លាននាក់ កើនឡើង ១២,៥% និងភ្ញៀវទេសចរ​បរទេស​ចំនួន ៤២០ ០០ នាក់ កើនឡើង  ១០,៦% បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់​ឆ្នាំ២០២៤​ទាំងមូល កម្ពុជា​រំពឹង​ថានឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦,៧ លាន​នាក់និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ២២ លាននាក់។

អ្នកជំនាញទេសចរណ៍ លោក ធួន ស៊ីណាន ​ប្រធាន​​សមាគម​​ទេសចរណ៍​​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានឱ្យដឹងថា ការមកដល់​នៃភ្ញៀវទេចរ​អន្តរជាតិនេះ គឺឆ្លុះបញ្ចាំង​អំពី​ភាពប្រសើរ​ឡើងនៃ​សេដ្ឋកិច្ច​តំបន់​និងសកល បើទោះបី​បញ្ហា​សង្រ្គាម​រវាង​រុស្ស៊ី​និងអ៊ុយក្រែន​ត្រូវបាន​អូសបន្លាយ និងការបន្ត​ឡើងកំដៅ​នៃបញ្ហា​ភូមិសាស្រ្ត​នយោបាយ​ក្តី ក៏ប្រជាពលរដ្ឋ​សកល​បានធ្វើការ​ចាយវាយ​លើដំណើរ​ទស្សនកិច្ច​នានា ហើយភាគច្រើន​នៃភ្ញៀវ​ទេសចរ​អន្តរជាតិ​គឺមកពី​ក្នុងតំបន់។

ដូច្នេះ យើងត្រូវ​បង្កើន​ការផ្សព្វផ្សាយ​និងបង្កើត​កម្មវិធី​ពាក់ព័ន្ធ​នានា​ឱ្យបាន​កាន់តែច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវអន្តរជាតិ ជាពិសេស​មកពី​ប៉ែកអឺរ៉ុប ដោយសារ​ពួកគេ​ចំណាយ​ពេលច្រើន ទាំងការ​ស្នាក់នៅ​និងចាយវាយ​ជាដើម។ ម្យ៉ាងទៀត ការដាក់ឱ្យ​ដំណើរការ​នូវអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ និងគ្រោង​ដាក់ឱ្យ​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​តាខ្មៅ​នាពេលខាងមុខ​ គឺជា​ឱកាស​មួយដែល​កម្ពុជា​ត្រូវក្តាប់ឱកាស​ឱ្យបាន​ក្នុងការ​ធ្វើការ​ផ្សព្វផ្សាយ និងបង្កើត​យន្តការ​នានា​ដើម្បី​រុញកំណើន​ទេសចរ​អន្តរជាតិ៕

你可能还喜欢

评论被关闭。