សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយអនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ រីកាដូ ពូលីទី
នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក រីកាដូ ពូលីទី (Riccardo Puliti) អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងឱកាសនៃជំនួប លោក រីកាដូ ពូលីទី បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និង កំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានវិស័យថាមពលកកើតឡើងវិញ ឡូជីស្ទីកនិងការដឹកជញ្ជូន និង វិស័យហិរញ្ញវត្ថុ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សចំពោះការចូលរួមចំណែករបស់ IFC ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានស្វាគមន៍ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
សម្តេចធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ៦២% និងបន្តជំរុញឱ្យឈានទៅសម្រេចបាន៧០%នៅក្នុងឆ្នាំ២០៣០។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីកនិងការដឹកជញ្ជូន ដែលរួមមានដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ ដើម្បីធានាដល់ការតភ្ជាប់ការដឹកជញ្ជូនក្នុងប្រទេសនិងតំបន់ ក៏ដូចជាអន្តរជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់និងអន្តរជាតិ លើការប្រើប្រាស់មធ្យោបាយនៃការទូទាត់តាមប្រព័ន្ធKHQR ដែលបានរួមចំណែកធានាដល់ការប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យ IFC បន្តផ្សារភ្ជាប់ទំនាក់ទំនងនិងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា៕
评论被关闭。