ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន៖ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ
កម្ពុជានិងចិនបានបដិសេធ និងច្រានចោលចំពោះព័ត៌មានថា “ចិនឈប់ផ្តល់កម្ចីឱ្យកម្ពុជា” ហើយចាត់ទុកការលើកឡើងនេះ ជាការបំភាន់សាធារណៈមតិ ក្នុងចេតនាប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។
ប្រតិកម្មរបស់ភាគីកម្ពុជា និងចិន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា “ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច សុខចិត្តចោល EBA ព្រោះអាងខ្ចីលុយចិន តែឥឡូវអត់ទាំងពីរ ចិនលែងឱ្យខ្ចី…” កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ថែមទាំងបានចូលទៅបញ្ចេញមតិនៅខាងក្រោមសារ ដែលលោកបានបង្ហោះនោះទៀតថា នយោបាយសេដ្ឋកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅអែបស្និទ្ធនឹងចិន បានទាល់ច្រក និងបរាជ័យហើយ វាជាកំហុសដ៏ធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងបរាជ័យនយោបាយសេដ្ឋកិច្ច…។
ការលើកឡើងរបស់លោក សម រង្ស៊ី ក៏ត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters និងអ្នកនយោបាយប្រឆាំងរបស់កម្ពុជាធ្វើការសន្និដ្ឋាន និងផ្សព្វផ្សាយផងដែរ។
ភាគីកម្ពុជា និងចិនបានចេញមកបដិសេធ និងច្រានចោលនូវការលើកឡើងរបស់លោក សម រង្ស៊ី និងទីភ្នាក់ងារព័ត៌មាន Reuters ក៏ដូចជាអ្នកនយោបាយប្រឆាំងរបស់កម្ពុជា។
ក្នុងនោះ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការរបស់លោកថា៖ “ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន”។
លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា៖ “រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ”។
ដោយឡែក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏បានចេញមកច្រានចោលព័ត៌មានដែលថា “ចិនឈប់ផ្តល់កម្ចីឱ្យកម្ពុជា” ដោយចាត់ទុកថា នេះជាការលើកឡើងដែលបង្កឱ្យមានការយល់ច្រឡំ។
តាមរយៈវីដេអូឃ្លីបរយៈពេល ២ នាទីដែលផ្សព្វផ្សាយតាមហ្វេសប៊ុករបស់អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានដែលថា “ចិនឈប់ផ្តល់កម្ចីឱ្យកម្ពុជា” ថាជាការបង្កើតឱ្យមានការយល់ច្រឡំ ព្រោះបច្ចុប្បន្ននេះ កម្ពុជានិងចិនកំពុងបន្តមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត និងគ្រោងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនិងហិរញ្ញប្បទានសម្បទានផ្សេងទៀត។
លោក មាស សុខសេនសាន បានបន្ថែមថា ភាគីកម្ពុជានិងចិនកំពុងសិក្សាពីផលប៉ះពាល់នៃគម្រោងទាំងនោះយ៉ាងលម្អិត ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងជាក់លាក់នៅពេលខាងមុខ។
គួររម្លឹកថា ខណៈពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន នាអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយរបស់ចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។
ជាការឆ្លើយតប លោក ស៊ី ជីនភីង បានបញ្ជាក់ថា ចិននឹងបន្តគាំទ្រកម្ពុជាដើម្បីកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់៕
评论被关闭。