ស្ពានអាកាសមរតកតេជោ ជាន់ទី១ ត្រូវបានតភ្ជាប់ដោយជោគជ័យ គ្រោងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅមុនចូលឆ្នាំខ្មែរ ២០២៥

នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ពានអាកាស​មរតក​តេជោ ដំណាក់កាលទី២ (​ស្ពានអាកាស​ជាន់ទី១) បានធ្វើ​ពិធី​តភ្ជាប់​រួចរាល់ ក្រោមអធិបតីភាព​លោក ឃួង ស្រេង អភិបាល​​នៃ​គណៈអភិបាល​​រាជធានី​ភ្នំពេញ រួមជាមួយ​លោកអ្នក​ឧកញ៉ា ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអបអរសាទរ​ចំពោះ​ការ​តភ្ជាប់​ដោយជោគជ័យ​សម្រាប់ស្ពានអាកាស​មរតក​តេជោ ជាន់ទី១ នេះ ដោយចាត់ទុក​នេះជាសមិទ្ធផល​ថ្មីសន្លាង​មួយទៀត​សម្រាប់​​កម្ពុជា។

សម្តេចធិបតី​បានឱ្យដឹង​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេចថា ស្ពាននេះ​គ្រោង នឹង​ដាក់ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន ​នៅមុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និងបង្ក​លក្ខណៈ​ងាយស្រួល​​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​កាត់បន្ថយ​ចំណាយ ​និងបង្កើន​ចំណូល ព្រមទាំង​ជួយជំរុញ​ដល់ការ​បែងចែក​ផ្លែផ្កា​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ជូនប្រជាពលរដ្ឋ​ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ផ្លូវ គឺ​ជា​អាទិភាព​គន្លឹះ​ទី២ ​នៃអាទិភាព​គន្លឹះ​ទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា) នៃយុទ្ធសាស្ត្រ​បញ្ចកោណ-​ដំណាក់កាល​ទី១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ ដោយកិច្ចការ​អាទិភាព​ទី២ ​ក្នុងបញ្ចកោណ​ទី២ គឺការ​លើកកម្ពស់​ការតភ្ជាប់​ និងការបង្កើន​ប្រសិទ្ធភាព​នៃវិស័យ​ដឹកជញ្ជូន បានផ្តោត​គោលដៅ​យុទ្ធសាស្ត្រ​លើការ​បង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការកសាង និង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី។

សម្រាប់​ស្ពានអាកាស​មរតក​​តេជោ ដំណាក់កាលទី១ (ជាន់ទី២) ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេច​ដាក់​​ឱ្យ​ប្រើប្រាស់​​ជាបណ្តោះ​អាសន្ន​កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ជួយសម្រួល​ដល់ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ​និងដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍។

ស្ពាន​អាកាស​មរតក​តេជោ ​ស្ថិតនៅ​ក្នុង​ខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ស្ពាននេះ​ជាប្រភេទ​ស្ពានអាកាស ២ ជាន់ ជាន់ទី១​ជាស្ពាន​រង្វង់មូល​នៅត្រង់​ចំណុច​ប្រសព្វ ដែលបំបែក​ខ្នែង​ជា ៤ ទិស​ផ្សេងគ្នា ឆ្ពោះទៅកាន់​មហាវិថី​សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ស្ពានព្រះមុនីវង្ស មហាវិថី​ព្រះមុនីវង្ស និង វិថី​កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១ )។ ស្ពានអាកាស​ជាន់ទី២ ជាផ្លូវ​ទ្វេទិស មានទិសដៅ​ទៅមក​រវាង​មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថី​សម្តេចតេជោ ហ៊ុន សែន។

ស្ពានអាកាស​មរតក​តេជោ ជាគម្រោង​សាងសង់​ដោយ OCIC គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ៣៦ លាន​ដុល្លារអាម៉េរិក មានសាងសង់​ផ្លូវផ្ទាល់ដី ​ដែលមាន​រង្វង់មូល​បែងចែក​ទិស និងផ្លូវ​តភ្ជាប់​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេចតេជោ ហ៊ុន សែន វិថី​កងយោធពល​ខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពានព្រះមុនីវង្ស​និងផ្លូវជាតិ​លេខ២។

default

គិតត្រឹម​បច្ចុប្បន្ននេះ រាជធានី​ភ្នំពេញ​បានសាងសង់​ស្ពានអាកាស​សរុប​ចំនួន ៩ ហើយ ក្នុងនោះមានស្ពានអាកាស​ចំនួន ៧ ត្រូវបាន​ដំណើរការ​ជាផ្លូវការ រួមមាន៖ (១) ស្ពានអាកាស​ស្ទឹងមានជ័យ (២) ស្ពានអាកាស ៧ មករា (៣) ស្ពានអាកាស​ក្បាលថ្នល់ (៤) ស្ពានអាកាស ៥ មករា (៥) ស្ពានអាកាសមិត្តភាព​កម្ពុជា-ចិន​​សែនសុខ (៦) ស្ពានអាកាស​ចោមចៅ (៧) ស្ពានអាកាសឫស្សីកែវ និងស្ពានអាកាស​​ដែលកំពុង​សាងសង់​ចំនួន ២ រួមមាន៖ (១) ស្ពានអាកាស​មរតក​​តេជោ (២) ស្ពានអាកាស​ភ្លោះ (ស្ថិតនៅ​ចំណុច​ប្រសព្វ​នៃមហាវិថី​សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិ​លេខ២ ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ​និងខេត្តកណ្តាល)៕

你可能还喜欢

评论被关闭。