សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយប្រធាន IMF ប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក គ្រីស្នា ស៊្រីនីវ៉ាសាន (Krishna Srinivasan) នាយកតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក គ្រីស្នា ស៊្រីនីវ៉ាសាន បានវាយតម្លៃខ្ពស់ ចំពោះការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាប្រកបដោយភាពធន់។ លោកក៏បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយន្តការនិងការកែទម្រង់ចាំបាច់នានា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា យានយន្ត និង បច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ វិធានការ និង កញ្ចប់លើកទឹកចិត្តចាំបាច់ ដើម្បីធានាក្នុងការផ្ដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា តាមរយៈការធានាឱ្យបាននូវបរិយាកាសវិនិយោគនិងភាពប្រកួតប្រជែងខ្ពស់។
នៅក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក គ្រីស្នា ស៊្រីនីវ៉ាសាន ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចក្នុងតំបន់និងសកលលោក ចំពោះមុខនៃស្ថានភាពដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ននិងអនាគត៕
评论被关闭。