ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី យាងបំពេញទស្សនកិច្ចនៅប្រទេសចិន

នៅព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី​ ​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា បានយាង​​បំពេញ​​ទស្សនកិច្ច​​នៅ​ខេត្ត​ហៃណាន (Hainan) ​​សាធារណរដ្ឋ​ប្រជាមានិត​​ចិន តបតាម​ការអញ្ជើញ​របស់​ភាគី​ចិន។

ព្រះរាជ​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុងបំណង​ពង្រឹង​បន្ថែម​ទៀត​ នូវចំណង​មិត្តភាព​ដ៏ជិតស្និទ្ធ​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ចិន ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិ​ការ​ ភាពជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

អញ្ជើញ​ថ្វាយព្រះរាជ​ដំណើរ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មានវត្តមាន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងជា​ប្រធាន​ក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​មហារដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និងសម្ដេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង​វត្តមាន​ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា។

យោងតាម​​សេចក្តី​​ប្រកាស​​ព័ត៌មាន​​របស់​​ក្រសួង​​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​​កម្ពុជា ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា​ទៅកាន់​ប្រទេសចិន មានរយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​​ថ្ងៃទី១៩ ដល់​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤។

ក្នុងឱកាស​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នេះ ព្រះករុណា ​ព្រះមហាក្សត្រ ​នឹងព្រះរាជទាន​ព្រះរាជសវនាការ​ដោយឡែក​ពីគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តហៃណាន និងជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សា​នុសិស្ស​កម្ពុជា​ ដែលកំពុង​សិក្សា​នៅសាលា​ពុទ្ធិកសិក្សា​ណានហៃ។

ខេត្តហៃណាន​មានទំនាក់​ទំនង​ច្រើន​ទៅវិញ​ទៅមក​ជាមួយ​ប្រទេស​កម្ពុជា ពិសេស​ភាគី​ទាំងពីរ​បានពង្រឹង ​និងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើវិស័យ​អាកាសចរណ៍ អប់រំ កសិកម្ម និង វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត។ ក្នុងនោះ ខេត្តហៃណាន​ក៏បាន​តភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​កម្ពុជា​ក្នុងមួយ​សប្ដាហ៍ម្ដង ហើយផ្នែកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម កម្ពុជា​ និងចិន​ក៏បាន​បើកនូវ​មជ្ឈមណ្ឌល​កសិកម្ម​ត្រូពិក​មួយផងដែរ។

ក្នុងឱកាស​ដែលព្រះករុណា ព្រះមហាក្សត្រ អវត្តមាន​នៅក្នុង​មាតុប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួល​បន្ទុក​ជាប្រមុខរដ្ឋ​ស្តីទី​នៃកម្ពុជា៕

你可能还喜欢

评论被关闭。