សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអាម៉េរិក Samuel J. Paparo

នារសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួប​ពិភាក្សា​ការងារ ​ជាមួយ​នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៃសហរដ្ឋអាម៉េរិក នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក Samuel J. Paparo បានវាយតម្លៃខ្ពស់​ចំពោះ​ទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការ​រវាង​អាម៉េរិក-កម្ពុជា។ លោកបាន​ជម្រាបជូន​សម្តេចធិបតី​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក និងគណៈប្រតិភូ​នាពេលនេះ គឺជាការ​បន្ត​កិច្ចប្រឹងប្រែង​ពង្រឹង​ និងពង្រីក​ទំនាក់​ទំនង​អាម៉េរិក-កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ការពារជាតិ បន្ទាប់ពី​ទស្សនកិច្ច​របស់​លោក Lloyd James Austin III រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាម៉េរិក។

ជាមួយគ្នានោះ លោក Samuel J. Paparo ក៏បាន​សម្ដែងនូវ​ការពេញចិត្ត​ដែលនាវា USS Savannah បានចូលចត​នៅកំពង់ផែ​ស្វ័យត​ក្រុងព្រះសីហនុ ដែលនេះ​ជាការ​ចូលចត​លើកទី១ ក្រោយពី​ការខកខាន​ការចូលចត​អស់រយៈពេល ៨ ឆ្នាំ។ លើសពីនេះ លោកបាន​ប្តេជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃប្រទេស​ទាំងពីរ​ ឱ្យកាន់តែ​ស៊ីជម្រៅ​ថែមទៀត តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នាយទាហាន​គ្រប់កម្រិត ការផ្តល់​វគ្គសិក្សា​និងឈានទៅ​ការធ្វើលំហាត់​ហ្វឹកហ្វឺន​រួមផងដែរ។ លោកក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​របស់​កម្ពុជា លើការរុករក​អដ្ឋិធាតុ​កងទ័ព​អាម៉េរិក​ ដែលបាន​បាត់ខ្លួន ដែលនេះ​ជាកាយវិការ​ប្រកបដោយ​មនុស្សធម៌។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវ​ការពេញចិត្ត ​និងវាយតម្លៃខ្ពស់​ចំពោះ​ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​កម្ពុជា-អាម៉េរិក ព្រមទាំង​បានសម្ដែង​នូវការ​ស្វាគមន៍​យ៉ាងកក់ក្ដៅ ចំពោះ​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិកនៃសហរដ្ឋអាម៉េរិក។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ និងការចូលចត​របស់​នាវា USS Savannah នេះ សម្ដេចធិបតី​ជឿជាក់ថា ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារជាតិ​ប្រទេស​ទាំងពីរ នឹងកាន់តែ​ត្រូវបាន​ពង្រឹង​និងពង្រីក​ថែមទៀត។

សម្ដេចធិបតី​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​សហការ​ជាមួយ​សហរដ្ឋអាម៉េរិក ក្នុងការរុករក​អដ្ឋិធាតុ​ទាហាន​​ដែលបាន​បាត់ខ្លួន​នៅកម្ពុជា។

នៅក្នុង​ជំនួប​នោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Samuel J. Paparo ក៏បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃការបន្ត​កិច្ចសហប្រតិបត្តិការ​លើសកម្មភាព​មួយចំនួន​រួមមាន៖ ការបណ្ដុះ​បណ្ដាល កិច្ចសហប្រតិបត្តិការ​លើការរក្សា​សន្ដិភាព​ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ និង កិច្ចសហប្រតិបត្តិការ​លើការងារ​បោសសម្អាត​មីនជាដើម៕

你可能还喜欢

评论被关闭。