រាជរដ្ឋាភិបាលកម្ពុជាបន្តលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក Ratchayut Kasemchaisiri បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា ដែលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១,២ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០ កន្លែង ក្នុងនោះជាង ១ ៩០០ នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ វិធានការ និង ការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ បរិយាកាសវិនិយោគ និង ភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះផងដែរ តបតាមសំណូមពររបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែនិងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពីសម្តេច ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុងការផលិតស៊ីម៉ង់ត៍ក្នុងស្រុក ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីជួយជាប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកប្រើប្រាស់៕
评论被关闭。