បណ្តាក្រុមហ៊ុនចិនមកស្វែងរកកាលានុវត្តភាពវិនិយោគ នៅកម្ពុជាជាបន្តបន្ទាប់

ស្របពេល​ដែលរាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញ​នូវច្បាប់វិនិយោគថ្មី​ និងគោលនយោបាយ​លើកទឹកចិត្ត​​ជាច្រើន​លើវិស័យ​វិនិយោគ​នោះ បណ្តាក្រុមហ៊ុន ​និងធុរកិច្ចចិន​បានមកសិក្សា​ស្វែងយល់ ​និងស្វែងរក​កាលានុវត្តភាព​វិនិយោគ​នៅកម្ពុជា​ជាបន្តបន្ទាប់ ហើយទទួលបាន​ការស្វាគមន៍​យ៉ាងកក់ក្តៅ​ពីសំណាក់​ក្រសួង ​និងស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុទ្ធី បានជួប​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា​ ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ចំនួន ៣ ដែលសុទ្ធសឹង​តែជា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន។ ក្នុងនោះ​រួមមាន៖

១. គណៈប្រតិភូ​វិនិយោគិន​ចិន តំណាង​ដោយលោកស្រី ចូវ ហ៊ុយថុង (Zhou Huitong) អគ្គនាយករង​ក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពី​ទីក្រុង​ស៊ិនយ៉ាង (Shenyang) ខេត្តលាវនីង (Liaoning) ជាក្រុមហ៊ុន​ដែលមាន​សកម្មភាព​ធុរកិច្ច​ក្នុងវិស័យ​កសិកម្ម​ជាយូរឆ្នាំ​មកហើយ។ ក្រុមហ៊ុ ន​នេះ បានធ្វើការ​សិក្សា​ពីកាលានុវត្តភាព​វិនិយោគ​នៅកម្ពុជា​អស់រយៈពេល​ប្រមណ ២ ឆ្នាំមកហើយ។ ពេលនេះ ក្រុមហ៊ុន​មានបំណង​បណ្តាក់ទុន​វិនិយោគ ​ក្នុងវិស័យ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ​និងនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅស្រុក។

២. គណៈប្រតិភូ​សមាគម​លើកកម្ពស់​បច្ចេកវិទ្យា​គ្រប់គ្រង​សេដ្ឋកិច្ច​អន្តរជាតិ​ប៉េកាំង តំណាងដោយលោកស្រី លី ជឺឈីង (Li Zeqing) ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នៃសកល​វិទ្យាល័យ​ប៉េកាំង។ គណៈប្រតិភូ​នេះមានបំណង​ពង្រឹង ​និងពង្រីក​ការឈ្វេងយល់ ​អំពី​សក្តានុពល​ និងកាលានុវត្តភាព​វិនិយោគ​នៅកម្ពុជា។ គណៈប្រតិភូ​បានកត់សម្គាល់​អំពី​ទំនាក់​ទំនង​ជាប្រវត្តិសាស្ត្រ​រវាង​កម្ពុជា-ចិន ដែលត្រូវបាន​ថ្នាក់ដឹកនាំ​កំពូល​នៃប្រទេស​ទាំងពីរ​ធ្វើការ​ដំឡើងកម្រិត និងបន្ស៊ីគ្នា​រវាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្រទេស។ គណៈប្រតិភូ​បានបង្ហាញនូវ​ចំណាប់​អារម្មណ៍​ចំពោះ​បច្ចុប្បន្នភាព​ថ្មីនៃ​បរិយាកាស​វិនិយោគ​នៅកម្ពុជា ដែលមាន​ភាពល្អប្រសើរ ​និងទាក់ទាញ​ខ្ពស់ ដែលអាច​ទាក់ទាញ​សហគ្រាស​ឆ្នើម​នៃគណៈប្រតិភូ ធ្វើការ​សិក្សា​សមិទ្ធិលទ្ធភាព​លើមុខសញ្ញា​គន្លឹះ ​និងអាទិភាព​នានា សំដៅ​ច្បាមយក​កាលានុវត្តភាព​និងទីផ្សារ​វិនិយោគ។

៣. សម្ព័ន្ធ​ឧស្សាហកម្ម ​និងពាណិជ្ជកម្ម ខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន ដែលដឹកនាំ​ដោយលោក អ៊ូ ជឺយ៉ុង (Wu Zhiyong) អនុប្រធាន​សម្ព័ន្ធ​ឧស្សាហកម្ម​ និងពាណិជ្ជកម្ម ខេត្តហ៊ូប៉ី និងជា​អនុប្រធាន​សភាពាណិជ្ជកម្ម ខេត្តហ៊ូប៉ី។ គណៈប្រតិភូ​សង្ឃឹមថា ទំនាក់​ទំនង​ចិន-កម្ពុជា​តាមរយៈ​គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់​ និងផ្លូវ” នឹងបន្ត​ធ្វើឱ្យ​ប្រជាជនចិន ជាពិសេស​វិនិយោគិន​ខេត្តហ៊ូប៉ី នឹងកាន់តែ​ចាប់អារម្មណ៍​មកបណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​កាន់តែ​ច្រើនទ្បើង​ថែមទៀត។

ជារួម លោក ជា វុទ្ធី បានសម្តែង​នូវការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ក្រុមហ៊ុន​ចិន និងបាន​គូសរំលេច​ពីកំណើន​នៃរំហូរ​វិនិយោគ​នៅកម្ពុជា​ជារួម ជាពិសេស​កំណើន​នៃរំហូរ​វិនិយោគចិន​មកកម្ពុជា​ក្នុងរយៈពេល​ប្រមាណ ១ ទសវត្សរ៍​ចុងក្រោយនេះ ដែលប្រភពទុន​ពីប្រទេស​ចិនជាប់​ចំណាត់ថ្នាក់​លេខ១​ឬលេខ២​ជារៀង​រាល់ឆ្នាំ។ លោកក៏បាន​ធ្វើអត្ថាធិប្បាយ​អំពី​បរិយាកាស ​និងរបប​វិនិយោគ​កម្ពុជា ដែលមាន​ភាពអំណោយផល ​និងបើកចំហ​សម្រាប់​វិនិយោគិន​ដោយគ្មាន​ការរើសអើង។

ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ មានក្រុមហ៊ុន​ចិនធំៗ​ជាច្រើន​បានមក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា ក្នុងមុខសញ្ញា​ថ្មីៗ​ក្រៅពី​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និងស្បែកជើង ដូចជា​ការផលិត​សំបក​កង់រថយន្ត ការផ្គុំ​ដំទ្បើង​បរិក្ខារ​អេទ្បិចត្រូនិក និង ការផលិត​គ្រឿងសង្ហារិម​ជាដើម ដែលឧស្សាហកម្ម​ទាំងនេះ ​បានបង្កើត​ឱ្យមាន​តម្លៃ​បន្ថែម​ខ្ពស់ជាងមុន ​និងប្រើ​បច្ចេកវិទ្យា​ទំនើប។ ទន្ទឹមនឹងនេះ លោកក៏បាន​ស្នើឱ្យ​គណៈប្រតិភូ​គិតគូរ​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលអាច​កៀរគរ​វិនិយោគិន​ពី​ប្រទេស​ចិន​មក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា។

លោកក៏បាន​បង្ហាញនូវ​ការស្វាគមន៍ ​និងលើកទឹកចិត្ត​ចំពោះ​គណៈប្រតិភូ​វិនិយោគ​ចិន ឱ្យផ្តល់អាទិភាព​វិនិយោគ​លើវិស័យ​កសិកម្ម ដែលមានការ​យកចិត្ត​ទុកដាក់​ខ្ពស់ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។ ក្នុងនោះ កម្ពុជា​មានដំណាំ​យុទ្ធសាស្រ្ត​ជាច្រើន ដូចជា​ស្រូវ ដំឡូងមី និង ស្វាយចន្ទី​ជាដើម ដែលទាមទារ​ឱ្យមាន​ការវិនិយោគ​កែច្នៃ​ក្នុងស្រុក​ដើម្បី​បង្កើត​តម្លៃ​បន្ថែម។

ជាមួយគ្នានេះ លោក ជា វុទ្ធី ក៏បាន​គូសរំលេច​អំពី​ភាពរីកលូតលាស់​នៃទំនាក់​ទំនង​កម្ពុជា-ចិន ដែលបាន​ឈានដល់​កម្រិត​ខ្ពស់បំផុត ហើយភាគី​ទាំងពីរ​បាននិងកំពុងតែ​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​វាសនារួម​កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង ស្តង់ដា​ខ្ពស់។ ពង្រឹង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ និងបង្កើត​ឱ្យមាន​វឌ្ឍនភាព​វិជ្ជមាន​ក្នុងការ​កសាង “របៀង​ឧស្សាហកម្ម​និងបច្ចេកវិទ្យា” ក៏ដូចជា “​របៀង​មច្ឆានិងអង្ករ” ដែលនាំមក​នូវផលប្រយោជន៍​រូបវន្ត​ដល់ប្រទេស​ទាំងពីរ៕

你可能还喜欢

评论被关闭。